កម្មវិធីអប់រំគុណតម្លៃអូឡាំពិកឆ្លុះបញ្ចាំងពីការយល់ដឹងនិងផ្សព្វផ្សាយ SEA Games 2023

110

ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកក្ពុជា (NOCC) នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានបន្ដរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅរាជធាំនីភ្នំពេញ នាអនុវិទ្យាល័យវត្តដំបូកខ្ពស់ ដោយមានសិស្សានុសិស្សប្រមាណ ១០០នាក់ចូលរួម ហើយពួកគេបានសម្ដែងការសប្បាយចិត្តជាខ្លាំង ចំពោះការផ្សព្វផ្សាយពីចលនាអូឡាំពិក និងបញ្ជ្រាបការយល់ដឹង អំពីដំណើរឆ្ពោះទៅស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីខាងលើបានអះអាងថា កម្មវិធីនេះ ក្រៅពីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការយល់ដឹងរបស់យុវជនក្នុងកីឡាផងដែរ ពិសេសការយល់ដឹងពីការត្រៀមធ្វើម្ចាស់ផ្ទះ SEA Games 2023 តាមរយៈការផ្សព្វផ្សាយយុទ្ធនាការ ពលរដ្ឋម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម។

វាគ្គិនផ្សព្វផ្សាយពីកម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដដែលបន្ដថា «ទាក់ទងនឹងការរៀបចំនេះ បន្ទាប់ពីពួកយើងរៀបចំហើយ ចំពោះខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ សង្កេតឃើញពួកគាត់ (សិស្សានុសិស្ស) មានការយល់ដឹងមួយចំនួនទាក់ទងនឹងគុណតម្លៃអូឡាំពិក គឺពួកគាត់បានស្វែងយល់មួយចំនួន ហើយមួយទៀត ទាក់ទងនឹងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាវិញ ពួកគាត់បានយល់ដឹងច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា»។

យុវតី អ៊ុ សៀវម៉ី សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យវត្តដំបូកខ្ពស់បានថ្លែងក្រោយចូលរួមកម្មវិធីនេះថា «ខ្ញុំពិតជាសប្បាយចិត្ត ហើយទទួលបានបទពិសោធ និងចំណេះដឹងច្រើនពីគុណតម្លៃអូឡាំពិក ពិសេសការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ SEA Games 2023។ ខ្ញុំមើលទៅព្រឹត្តិការណ៍នេះ ពិតជាសំខាន់ អស្ចារ្យ និងមានមោទនភាពមែនទែន ដែលកម្ពុជាយើងបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង នៅឆ្នាំ២០២៣។ ដល់ពេលនោះបើមានឱកាសខ្ញុំនឹងចូលរួម…»។

គួរបញ្ជាក់ថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២០ ដែលរៀបចំដោយ NOCC បានធ្វើឡើងក្រោមប្រធានបទសំខាន់ៗចំនួន៣ ក្រៅពីការផ្សព្វផ្សាយចលនាអូឡាំពិក ទី១-ការចែករំលែកនូវបទពិសោធជោគជ័យក្នុងអាជីពកីឡា ក្នុងនាមអត្តពលិកអូឡាំពិក, ទី២-កម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងទី៣-ផ្ដោតលើការបណ្ដុះបណ្ដាល និងអប់រំស្ដីពីជំងឺកូវីដ-១៩។ តាមគម្រោង កម្មវិធីនឹងធ្វើ ៣ដងទៀត ពិសេសកម្មវិធីចុងក្រោយ ដែលគ្រោងធ្វើធំនៅខេត្តកំពង់ធំ៕

Loading...