NOCC ចេញលិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរចំពោះបញ្ហាអយុត្តិធម៌បណ្ដាលឱ្យមហាជននិងថ្នាក់ដឹកនាំប្រតិកម្ម

104

ភ្នំពេញៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឲ្យការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួន បន្ទាប់ពីមានការកាត់សេចក្ដីអយុត្តិធម៌លើសង្វៀនជាញឹកញាប់ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំប្រតិកម្មជាច្រើនលើកច្រើនសារ។

ការចេញលិខិតព្រមាននេះ គឺជាការឆ្លើយតបចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺប្រតិកម្មធ្ងន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១១ ខែកក្កដាម្សិលមិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានយល់ឃើញថា៖
ទី១-អាជ្ញាកណ្ដាល-ចៅក្រហម ជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានវិនិច្ឆ័យការប្រកួត ដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិមួយនេះទៀតផង។
ទី២-កន្លងមកកាករប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ ដែលសហព័ន្ធកីឡាគុនខ្មែរ នៅតែមិនអាចកែសម្រួល ឬកែទម្រង់បានធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ ជាច្រើនលើកច្រើនសារ។
៣-បើទោះបីការប្រកួតស្ថិតក្នុងក្របខណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួតជាការដណ្ដើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្ដែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្ដិកៈរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អាស្រ័យហេតុនេះ NOCC បានប្រកាសដាក់ការព្រមានលើកដំបូងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្ដិ ដោយដាក់ពិន័យយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាកណ្ដាល-ចៅក្រមឲ្យគោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair-Play និងគោរពក្រមសីលធម៌កីឡា ដោយមិនអាចរំលោភបាន។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត NOCC នឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាពដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមការប្រកួតជាអន្ដរជាតិ និងរៀបចំការប្រកួតជាអន្ដរជាតិផ្លូវការបាន ហើយក៏មិនអាចចូលរួមការប្រកួតកីឡាស៊ីហ្គេម រួមទាំងស៊ីហ្គេមនៅកម្ពុជាផងដែរ។

សូមរំឮកថា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានចេញមុខប្រតិកម្មទៅនឹងការប្រកួតខាងលើ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ថា «ដោយអត់ទ្រាំមិនបាន ខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុនថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយ មិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ»។

សម្តេចតេជោបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម៉្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់ ១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។

សម្តេចតេជោបានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។

យ៉ាងណាមិញភ្លាមៗនោះដែរ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រតិកម្មបែបនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលដឹកនាំដោយលោក តែម ម៉ឺន និងគណៈកម្មការរៀបចំកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក» នៅសង្វៀន CNC ក៏បានប្រកាសផ្ដល់ជ័យជម្នះ និងខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ដល់កីឡាករ ឃឹម បូរ៉ា ដែលត្រូវបានកីឡាករ ម៉ឺន មេឃា ចាប់បោកខុសពីលក្ខន្ដិកៈនៃការប្រកួត ដ្បិតភ្លាមៗនោះ គណៈកម្មការបានសម្រេចលើកការប្រកួតរវាងអ្នកទាំងពីរចំនួន ២សប្ដាហ៍៕

Loading...