
ភ្នំពេញ៖ ទីបំផុតក្រុម TN Kandal បានសម្រេចបំណងគ្រងជើងឯកពានរង្វាន់ KW Cambodia League លើកទី៩ ឆ្នាំ២០២០ ហើយ បន្ទាប់ពីយកឈ្នះក្រុម Bayon Wanderers ៤-២ ក្នុងការប្រកួតសន្សំពិន្ទុចុងក្រោយនាល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកញ្ញានៅទីលាន KMH ស្របពេលប្រធានក្លិបលោក ធុល នាង លើកឡើងថា ពាននេះមានការប្រកួតប្រជែងខ្លាំង ទម្រាំសម្រេចក្ដីស្រម៉ៃលើកពាន។
ក្នុងនាមក្រុមចំណូលថ្មីដែលទើបចូលរួមប្រកួតលើកដំបូង TN Kandal បានស្គាល់បរាជ័យតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួត ដោយរកបាន ៣៦ពិន្ទុ ស្មើជាមួយក្រុមជើងឯកឆ្នាំចាស់ ISI ដង្កោសែនជ័យដែរ តែដោយផ្អែកលើរូបមន្ដ Head-do-Head ក្រុម TN Kandal បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-១។ ដូច្នេះតំណែងជើងឯក ក៏បានទៅពួកគេតែម្ដង។

យ៉ាងណាមិញការប្រកួតនៅមិនទាន់បញ្ចប់នោះទេ ពោលគឺក្រោយរកឃើញជើងឯកពាន KW Cambodia League គណៈកម្មការនឹងបន្ដរៀបចំពាន KW Cambodia Cup មួយទៀត សម្រាប់ក្រុមឈរលេខរៀងទី២ ដល់លេខរៀងទី៥ ធ្វើការប្រកួតបន្ដ រួមមានក្រុម ISI ដង្កោសែនជ័យ, Khmer United-A, Riel PP និងក្រុម Avatar។ ជាលទ្ធផលចាប់ឆ្នោតការប្រកួតវគ្គខ្វែងនេះ គឺក្រុម ISI ដង្កោសែនជ័យ ត្រូវជួប Avatar និងក្រុម Khmer United-A ជួបក្រុម Riel PP នាថ្ងៃទី១២ ខែកញ្ញាខាងមុខ៕
ប្រភព៖ FRESH NEWS