មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឲ្យក្រុមជម្រើសជាតិហ្វឹកហាត់តាមផ្ទះ ក្រោយផ្អាកប្រមូលផ្ដុំបណ្ដោះអាសន្ន

71
National Sports Training Center Requests National Team to Train at Home After Temporary Suspension
National Sports Training Center Requests National Team to Train at Home After Temporary Suspension

ភ្នំពេញ៖ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីទាំងអស់នៃក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល ត្រូវខិតខំហ្វឹកហាត់តាមផ្ទះ អំឡុងពេលផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិ ដើម្បីរក្សាគុណផលកីឡារៀងៗខ្លួន។

ការលើកឡើងនេះក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសកម្មភាពប្រមូលផ្ដុំ និងការលេងកីឡាគ្រប់ប្រភេទ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលក្រុមជម្រើសជាតិនៃប្រភេទកីឡាមួយចំនួន ដែលធ្វើការប្រមូលផ្ដុំក្នុងបរិវេណពហុកីឡដ្ឋានជាតិ ក៏ត្រូវបានរំសាយជាបណ្ដោះអាសន្នផងដែរ។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាខាងលើបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងបញ្ហានេះ សម្រាប់ក្រុមជម្រើសជាតិ និងក្រុមជម្រើសជាតិថ្នាល ក្នុងអំឡុងពេលនៃការទប់ស្កាត់ការរីករាលមេរោគកូវីដ-១៩ យើងដាក់ឲ្យដំណើរការមានន័យថា ទាំងពីរក្រុម ត្រូវតែហាត់ហ្វឹកហ្វឺនតាមផ្ទះរៀងខ្លួន ដើម្បីរក្សានូវគុណផលកីឡារបស់គាត់ ចឹងដាក់ឲ្យគាត់ហាត់ហ្វឹកហ្វឺននៅតាមផ្ទះរៀងៗខ្លួន»

ប៉ុន្ដែការលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនី ធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះនេះ លោកសំដៅលើប្រភេទកីឡា ដែលមានការប្រមូលផ្ដុំក្នុងពហុកីឡដ្ឋានជាតិតែប៉ុណ្ណោះ។

ក្រឡេកមកមើលក្រុមជម្រើសជាតិ និងថ្នាលដែលប្រមូលផ្ដុំហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិវិញ រួមមានកីឡាប៉េតង់, វាយកូនបាល់, សូហ្វតេន្នីស, ហែលទឹក, វាយសី, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ, តេក្វាន់ដូ ITF, កាយសម្ព័ន្ធ, សីដក់, ប្រដាល់គុនខ្មែរ, ប្រដាល់សកល និងកីឡាមួយចំនួនទៀត។ នេះជាលើកទី២ ហើយ ដែលក្រសួងអប់រំសម្រេចផ្អាកការប្រមូលផ្ដុំនេះ ដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា៕

Loading...