ម៉នសាម៉េត​ និងលាភរដ្ឋាសង្ឃឹមឈ្នះដូចគ្នាតែយ៉ាងណាក៍មានឱកាសឆ្លងទៅវគ្គ៨នាក់ចុងក្រោយដែរ

109

អ្នកប្រដាល់ឆ្នើមពីរនាក់គួរឲ្យចាប់អារម្មណ៍គឺ ម៉ន សាម៉េត និងលាភ រដ្ឋា បានតម្លើងទម្ងន់មក៦០គីឡូក្រាមប្រកួតដណ្តើមប្រាក់ចំនួន១ម៉ឺនដុល្លារនៅសង្វៀនហង្សមាសនាថ្ងៃសៅរ៍ទី៦ខែមិនាឆ្នាំ២០២១សប្តាហ៍នេះ។ ម៉ន សាម៉េត និងលាភ រដ្ឋា ស្ថិតនៅក្នុងពូលជាមួយគ្នាទោះបីការចាញ់ឬឈ្នះ និងមានលទ្ធផលបែបណាក៍ពួកគេមានឱកាសបានចេញផុតពីពូលដូចគ្នាសម្រាប់បង្គ្រប់ចំនួន៨នាក់ដែលត្រៀមចាប់គូជាពីរពូលឡើងវិញដើម្បីបន្តទៅរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ប្រកួតក្នុងអំឡុងវគ្គជម្រុះគិតមកដល់ពេលនេះ ម៉ន សាម៉េត និងលាភ រដ្ឋា យកឈ្នះដៃចំនួន ៣លើកដូចគ្នាពិសេសក្នុងពូលជាមួយគ្នាចំនួន ៤នាក់ពួកគេសុទ្ធតែផ្តួលកីឡាករ ថន ភឿត និង ព្រឿង សុជាតិ ឲ្យសន្លប់ដូចគ្នាដែលជាឱកាសបានពិន្ទុគ្រប់គ្រាន់ឆ្លងទៅវគ្គបន្តដូចគ្នាទោះបីលទ្ធផលយ៉ាងណាក៍ដោយ។រម្លឹកពីប្រវត្តិប្រកួតវិញអ្នកប្រដាល់ទាំងពីរធ្លាប់ប្រកួតគ្នាចំនួន៦លើកមកហើយក្នុងនោះ ម៉ន សាម៉េត ឈ្នះ ៥ចាញ់ ១លើក ចំណែក លាភ រដ្ឋាចាញ់ ៥លើក ឈ្នះតែ ១លើកប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីក្នុងជំនួបប្រកួតលើកទី៧ក្នុងវគ្គជម្រុះដណ្តើមខ្សែក្រវាត់សុទ្ធតែអះអាងឈ្នះដូចគ្នានៅពេលដែលភ្នំពេញប៉ុស្តិ៍សម្ភាសតាមទូរស័ព្ទកាលពីល្ងាចថ្ងៃព្រហស្បត្ប៍ ម៉ន សាម៉េត សង្ឃឹមឈ្នះ ១០០ភាគរយ លាភរដ្ឋា សង្ឃឹមឈ្នះ ៩០ភាគរយ។

ម៉ន សាម៉េត មកពីសមាគមប្រដាល់ក្រសួងមហាផ្ទៃនិយាយថា៖ ខ្ញុំដឹងថាកណ្តាប់ដៃរបស់ លាភ រដ្ឋា ធ្ងន់កម្លាំងខ្លាំងវ័យក្មេងប៉ុន្តែខ្ញុំមានល្បិចបង្ក្រាបបានពីព្រោះធ្លាប់ចាញ់ខ្ញុំ ៥លើកហើយ។ ម៉ន សាម៉េត បន្ថែមថា ខ្ញុំគ្មានទៅព្រួយបារម្ភពីចាញ់អ្វីបន្តិចសោះគឺព្រួយរឿងឈឺខ្លួនប៉ុណ្ណោះពីព្រោះគេពិតជាចេញស្នៀតទាត់ឬកណ្តាប់ដៃធ្ងន់ៗមែន។ «ខ្ញុំរម្ពឹងឈ្នះតែម្តងគឺ ១០០ភាគរយខ្ញុំព្រួយពេលវគ្គផ្តាច់ព្រ័ត្រប្រសិនប៉ះជាមួយកីឡាករ អេម៉ារីនងូន គ្រូអេ បានព្រួយពីព្រោះពិតជាលំបាកប្រកួតគាត់ខ្ពស់ពេកខ្ញុំចាញ់ប្រៀបវ៉ៃមិនដល់តែបើក្រៅពីនេះសង្ឃឹមច្រើនគឺបានប្រាក់រង្វាន់»។

សម្រាប់ លាភ រដ្ឋា វិញនិយាយថាខ្ញុំធ្លាប់ចាញ់ ម៉ន សាម៉េត ប៉ុន្តែមិនដែលចាញ់អស់ចិត្តឬខ្លាចញញើតទេហើយក៍សង្ឃឹមថាការហ្វឹកហាត់ពេញលេញរបស់ខ្ញុំគឺធានាថាវ៉ៃឲ្យម៉នសាម៉េតទ្រមខ្លួននិងយកឈ្នះគឺខ្ញុំសង្ឃឹមឈ្នះ ៩០ភាគរយ។ បន្ថែមពីលើនេះលោកថៃអ៊ូប្រធានសមាគមប្រដាល់ប្រចាំខេត្តបន្ទាយមានជ័យអ្នកមើលថែទាំកីឡាករលាភរដ្ឋាប្រាប់ភ្នំពេញប៉ុស្តិ៍ថាវាហាត់បានល្អបំប៉នកម្លាំងល្អគ្មានប្រពន្ធកូនដូចម៉នសាម៉េតទេ។លើកនេះខ្ញុំសង្ឃឹមឈ្នះ៩០ភាគរយហើយ។

លោក និន ភិរម្យ អនុប្រធានសហព័ន្ធឲ្យដឹងថាកម្មវិធីប្រកួតនៅសង្វៀនហង្សមាសនេះវគ្គផ្តាច់ព្រ័ត្រសម្រួចទៅអ្នកឈ្នះលេខ១ ទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ អ្នកឈ្នះលេខ២ បានតែ ១ពាន់ដុល្លារប៉ុណ្ណោះ។ ទាក់ទងទៅនឹងចម្ងល់ពីប្រាក់តម្លៃខ្លួននិងរង្វាន់ក្រៅពីលេខ១ និងលេខ២ លោក និន ភិរម្យ ប្រាប់ថាវគ្គជម្រុះកីឡាករឈ្នះបាន ១៥០ដុល្លារ អ្នកចាញ់បាន ១០០ដុល្លា ហើយបើឈានចូលដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រអ្នកឈ្នះ ៣៥០ដុល្លារ អ្នកចាញ់បាន ២៥០ដុល្លារ។

នៅក្នុងការប្រកួតនោះមាន៣គូបន្ថែមទៀតប៉ុន្តែមិនសូវល្បីល្បាញដូចគូ ម៉ន សាម៉េតនិង លាភ រដ្ឋា ឡើយ។ មានគូជម្រុះដូចគ្នាកីឡាករ ឡូញ វណ្ឌី ប៉ះជាមួយ សូដា លីម៉ូ ។កីឡាករ យុគ យក្សផ្លែ ប៉ះជាមួយ បាង កាយ៉ាក។ កីឡាករ គង់ ហូវ ប៉ះជាមួយ រឿម វណ្ណៈដើម្បីសរុបពិន្ទុរកអ្នកមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គបន្តដូចគ្នា៕

Loading...