បាល់ទាត់លីគកំពូលកម្ពុជា ចាប់ផ្តើមរដូវកាលថ្មី២០២០ នាល្ងាចថ្ងៃសៅរ៍នេះហើយ!

1171

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ នឹងត្រូវ ចាប់ផ្តើមសប្តាហ៍ ទី១ហើយ នាល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី១៥ និងទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមាន​ក្រុម​ចូលរួមប្រកួតប្រជែងចំនួន ១៣ក្រុម ថយចុះ ១ក្រុម កាលពីឆ្នាំ២០១៩។

MCL-WEEK1

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃ​សហ​ព័ន្ធ​កីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន៖ ក្រុមយុវ​ជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រសួងការពារជាតិ, វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា។ ចំពោះការប្រកួតនៅ​ថ្ងៃអាទិត្យ ក៏មាន ៣ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ប្រកួតជាមួយ​បឹងកេត, អាស៊ីអឺរ៉ុបយូណាយធីត ជួប គិរីវង់សុខសែនជ័យ ខណៈក្រុមការពារម្ចាស់​ដំណែង​ជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជាមួយ សូលទីឡូអង្គរ។ ការប្រកួតសន្សំពិន្ទុ មានចំនួន១៣សប្តាហ៍ សម្រាប់ជើងទី១ និង១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប ២៦​សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែកុម្ភៈ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

សូមរម្លឹកថា កាលពីរដូវកាល ២០១៩ កន្លងទៅ មានក្រុមចូលរួមប្រជែងជើងឯក​ចំនួន១៤ក្រុម ដោយក្រុមព្រះខ័នរាជស្វាយរៀងបានគ្រប់គ្រងម្ចាស់ដំណែងជើងឯក ខណៈ​ក្រុម​វិខាសា ជារងជើងឯក រីឯក្រុមណាហ្គាវើលដ៏ជាក្រុមចំណាត់ថ្នាក់លេខ៣ ដោយការពារ​ដំណែង​ជើងឯករដូវកាល ២០១៨ របស់ខ្លួន មិនបានសម្រេច៕

Loading...