“Messi Vietnam” ជួយក្រុមជម្រើសជាតិវៀតណាមឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានAsian Cup

581

នៅយប់មិញនេះ ក្រុមជម្រើសជាតិវៀតណាមក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េ បានយកឈ្នះជើងខ្លាំង ហ្សកដានី ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់Asian Cup ឆ្នាំ២០១៩នៅក្នុងប្រទេសអារ៉ាប់រួម។ នេះ គឺជាការបង្កើតទំព័រប្រវត្តិសាស្រ្តមួយទៀតរបស់ក្រុមជម្រើសជាតិឈុតធំវៀតណាមសម្រាប់ពានរង្វាន់អន្តរជាតិ។

វៀតណាមបានឈ្នះក្រុមជម្រើសជាតិហ្សកដានី ដោយបាល់កាត់សេចក្តីប៉េណាំងទី ៤-២ ក្រោយពីបានស្មើគ្នា១-១ នៅក្នុងការប្រកួតទាំង២តង់ និងម៉ោងបន្ថែម១៥នាទី២ដង។ នៅក្នុងតង់ទី១ ហ្សកដានីបានបើកការនាំមុខដំបូងលើក្រុមជម្រើសជាតិវៀតណាមនៅនាទី៣៩ ដោយខ្សែបម្រើ Abdel-Rahman។ ប៉ុន្តែ នៅនាទី៥១ ក្នុងតង់ទី២ កីឡាករវៀតណាមដែលត្រូវបានគេដាក់ឈ្មោះឲ្យថា “Messi Vietnam” គឺ Nguyễn Công Phượng បានស៊ុតបាល់បញ្ចូលទីក្រុមហ្សកដានីបានយ៉ាងល្អធ្វើឲ្យក្រុមទាំងពីរស្មើគ្នា។ បន្ទាប់មក ឱកាសនៅតែមានរៀងៗខ្លួន ប៉ុន្តែមិនមានក្រុមណាអាចបញ្ចប់សំណាញ់ទី ដើម្បីយកឈ្នះនោះឡើយ។

អ្នកចាំទីកម្ពស់ខ្ពស់កូនវៀតណាម-រុស្សី Đặng Văn Lâm ក៏បានដើរតួនាទីយ៉ាងល្អណាស់ដែរក្នុងការរារាំងគ្រាប់បាល់របស់ក្រុមជម្រើសជាតិហ្សកដានីមិនឲ្យបំប៉ោងសំណាញ់ទីរបស់ខ្លួន។ នៅក្នុងវគ្គកាត់សេចក្តីដោយបាល់ប៉េណាំងទី Đặng Văn Lâm ក៏បានជួយសង្រ្គោះគ្រាប់បាល់បានមួយគ្រាប់ពីក្រុមជម្រើសជាតិហ្សកដានីផងដែរ។

ក្រោយចាញ់ក្រុមវៀតណាម កីឡាកររបស់ហ្សកដានីម្នាក់ៗបានសម្តែងការសោកស្តាយយ៉ាងខ្លាំងដោយខ្លះក្រាបនិងអង្គុយយំនៅលើទីលានតែម្តង។ ចំណែកនៅក្នុងប្រទេសវៀតណាមឯណេះវិញ ក្រុមអ្នកគាំទ្រវៀតណាមជាច្រើននាក់បានអបអរសាទក្រុមជម្រើសជាតិរបស់ខ្លួននៅតាមដងវិថីនានា៕

Loading...