កីឡាការិនីចំបាប់ជម្រើសជាតិឥណ្ឌា Ritu Phogat បានចូលស្ថាប័នប្រដាល់ធំបំផុត ONE Championship បន្ទាប់ពីនាងបានឈ្នះមេដាយមាសពិភពលោកពីព្រឹត្តិការណ៍ Commonwealth Wrestling Championship។
នាងបានចាប់ផ្ដើមហ្វឹកហាត់កីឡាចំបាប់តាំងពីអាយុ ៨ឆ្នាំមកម្ល៉េះ ហើយធ្លាប់បានឈ្នះមេដាយមាសថ្នាក់ជាតិឥណ្ឌា ២ លើកជាប់គ្នាពោលគឺនៅឆ្នាំ ២០១៥ និង ២០១៦។ បន្ទាប់មក នាងបានសាងស្នាដៃអន្តរជាតិជាច្រើនជូនជាតិ នៅឆ្នាំ ២០១៦ នាងបានឈ្នះមេដាយមាសពិភពលោកពីព្រឹត្តិការណ៍ប្រកួត Commonwealth Wrestling Championship។ នៅឆ្នាំ ២០១៧ ឈ្នះមេដាយសំរឹទ្ធជើងឯកចំបាប់អាស៊ី និងឈ្នះមេដាយប្រាក់ជើងឯកចំបាប់យុវជនអាយុក្រោម ២៣ឆ្នាំ World U23 Championship។ ហើយនាងបានក្លាយជាកីឡាការិនីឥណ្ឌាទី ១ ដែលបានឈ្នះមេដាយប្រាក់ពី ព្រឹត្តិការណ៍ពិភពលោកនោះ។
ផ្អែកតាមបទពិសោធ និងសមិទ្ធផលនេះគឺមានន័យថា គុណភាពកីឡាចំបាប់របស់នាងគឺខ្ពស់កម្រិតពិភពលោកដែល នឹងអាចបង្កហានិភ័យដល់អ្នកលេងគុនខ្មែរ នៅ ស្រីពៅ ដែលនឹងត្រូវជួបគ្នានៅថ្ងៃសុក្រ ទី៣០ ខែតុលា ខាងមុខនេះនៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ក្នុងប្រទេសសិង្ហបុរី។
កីឡាការិនីកម្ពុជា នៅ ស្រីពៅ ក៏ធ្លាប់មានបទពិសោធ ២ លើកដែរ នៅសង្វៀន ONE Championship ក្នុងនោះឈ្នះពិន្ទុកីឡាការិនីថៃ Rika “Tiny Doll” Ishige និងចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol។ ថ្វីបើកីឡាការិនីកម្ពុជារូបនេះខ្វះបទពិសោធចំបាប់ ប៉ុន្តែនាងមានបទពិសោធគុនខ្មែរ និងប្រដាល់សកលច្រើន។
បន្ទាប់ពីជោគជ័យក្នុងអាជីពចំបាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ កីឡាការិនី Ritu Phogat បានសម្លឹងឃើញឱកាសល្អទៀតគឺចាប់យកអាជីពប្រដាល់គុនចម្រុះ។ ដូច្នេះហើយនៅខែកុម្ភៈ ឆ្នាំ២០១៩ នាងបានចុះកុងត្រាចូលស្ថាប័ន ONE Championship ជាមួយនឹងគោលបំណងធំសម្រាប់ប្រទេសជាតិរបស់ខ្លួន។ Ritu Phogat បានប្រាប់ពីគោលបំណងធំរបស់ខ្លួនថា នាងនឹងខិតខំគ្រប់បែបយ៉ាងក្នុងអាជីពគុនចម្រុះដើម្បីក្លាយជា កីឡាការិនីឥណ្ឌាទី១ ដែលឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក ខណៈរហូតដល់ពេលនេះមិនទាន់មានកីឡាការិនីគុនចម្រុះឥណ្ឌាណាឈ្នះនៅឡើយទេ។
ចាប់តាំងពីចូល ONE ជាផ្លូវការមក កីឡាការិនីឥណ្ឌារូបនេះបានឡើងប្រកួតគុនចម្រុះពីរដងហើយពោលគឺ ឈ្នះទាំងពីរលើក។ លើកទី១នាងផ្តួលកីឡាការិនីកូរ៉េខាងត្បូង Kim Nam Hee ឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់ ក្នុងទឹកទី១ តាមរយៈកណ្តាប់ដៃនៅប្រទេសចិន និងលើកទី២ ឈ្នះពិន្ទុកីឡាការិនីតៃវ៉ាន់ Chiao Chen Wu នៅប្រទេសសិង្ហបុរីកាលពីខែកុម្ភៈ ឆ្នាំ២០២០។
ថ្ងៃសុក្រ ទី៣០ ខែតុលាខាងមុខនេះ Ritu ត្រូវជួបកីឡាការិនីកម្ពុជានៅប្រទេសសិង្ហបុរីដែលម្នាក់ៗ សុទ្ធតែត្រូវបង្ហាញខ្លួនប្រកួតលើកទី ៣ដូចគ្នា។ ប្រសិនបើកីឡាការិនីឥណ្ឌារូបនេះអាចយកឈ្នះ នៅ ស្រីពៅបាននោះមានន័យថា ឈ្នះ ៣ ប្រកួតជាប់គ្នាលើឆាកសង្វៀនអន្តរជាតិនេះ។
ជាពិសេសទៀតនោះ Ritu មានផ្លូវឆ្ពោះទៅរកការប្រកួតដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោកដែលជាគោលដៅ ធំបំផុតរបស់នាង។ យ៉ាងណា វាមិនងាយស្រួលនោះទេ ខណៈ ស្រីពៅ ជាកីឡាការិនីម្នាក់ដែលមានជំនាញគុនខ្មែរ ប្រដាល់សកល និងគុនចម្រុះ ដូច្នេះច្បាស់ណាស់ថា នឹងក្លាយជាឧបសគ្គធំសម្រាប់កីឡាការិនីឥណ្ឌា៕