តើយប់នេះ ក្រុមMan Utd ក្រោមការដឹកនាំដោយគ្រូថ្មីអាចសងសឹកក្រុមSpurs បានដែរឫទេ?

359

នៅវេលាម៉ោង១១ និង៣០នាទីយប់នេះ ក្រុម Tottenham Spurs នឹងបើកកីឡដ្ឋាន Wembley Stadiumរបស់ខ្លួនទទួលក្រុមកំពុងឡើងជើងខ្លាំង Manchester United។ កាលពីជំនួបចុងក្រោយរវាងក្រុមទាំងពីរ គឺក្រុម Spurs ក្នុងនាមជាភ្ញៀវបានបំបាក់ក្រុមបីសាចក្រហម Manchester United ៣-០ នៅក្នុងទឹកដី Old Trafford។

ជំនួបរវាងក្រុមខ្លាំងទាំងពីរ គឺManchester United និង Tottenham Spurs កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមទាំងពីរនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមបីសាចក្រហម Manchester United កំពុងឡើងជើងខ្លាំងមែនទែននៅរយៈចុងក្រោយនេះដោយមិនដែលចាញ់ទាល់តែសោះនៅក្នុង៥ប្រកួតចុងក្រោយ។ ក្រុមបីសាចក្រហមបានបង្ហាញទម្រង់លេងល្អឡើងវិញ បន្ទាប់ពីតែងតាំងគ្រូបង្វឹកថ្មី គឺលោក Ole Gunnar Solskjaer ដែលជាអតីតកីឡាកររបស់ក្រុម Manchester United ជំនួសលោក José Mourinho ។

ក៏ប៉ុន្តែក្រុម Spurs ឯណោះវិញ ក៏មិនធម្មតាដែរសម្រាប់ប៉ុន្មានប្រកួតចុងក្រោយនេះ មុនប៉ះ Manchester United នៅយប់ថ្ងៃអាទិត្យនេះ។ Spurs ទើបតែបា​នយកឈ្នះក្រុមខ្លាំងតោខៀវ Chelsea ១-០ ក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃទី ០៩ ខែ​មករា កន្លងទៅ។ ចំ​ណែកក្នុង៥ ប្រកួតចុងក្រោយវិញ ក្រុម Spurs ចាញ់តែមួយប្រកួតទេ គឺចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-៣។ បើទោះជាបែបក្តី នៅក្នុងតារាងចំណាត់ថ្នាក់នៃPremiere League ក្រុម Spurs កំពុងឈនៅចំណាត់ថ្នាក់លេខ៣ ក្រោមMan City និង Liverpool ដែលឈលេខ ២ និង លេខ ១ កំពូលតារាង។ ចំណែកក្រុមបីសាចក្រហម Manchester Unitedវិញ គឺស្ថិតចំណាត់ថ្នាក់លេខ ៦ ឯណោះ។

ចំពោះការប្រកួតនៅយប់នេះដែរ វាក៏ជាការសាកល្បងនូវសមត្ថភាពពិតប្រាកដរបស់គ្រូថ្មី Ole Gunnar Solskjaer ព្រោះថា បើទោះក្រុម Manchester United លេងចុងក្រោយនេះមិនដែលចាញ់ក៏ពិតមែន ប៉ុន្តែសុទ្ធ​តែប៉ះជាមួយក្រុមមិនសូវខ្លាំងទាំងអស់។ ដូច្នេះ តើយប់នេះ Manchester United ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer អាចបន្តឈ្នះទៀតបានដែរឫទេ៕

Loading...