Man United ធ្លាក់ពី Champions League ត្រឹមវគ្គចែកពូលក្រោមថ្វីជើង RB Leipzig (៣-២)

156
Justin Kluivert scores Leipzig’s third goal against Manchester United, which in the end proved decisive. Photograph: Ibrahim Ot/REX/Shutterstock

រដូវកាលរបស់ក្រុមបិសាចក្រហម Manchester United ដុនដាបមួយកម្រិតទៀតហើយក្រោយធ្លាក់ពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គចែកពូល ក្រោយចាញ់ម្ចាស់ផ្ទះ RB Leipzig ៣-២ ក្នុងការប្រកួតបង្ហើយពូល H យប់ថ្ងៃអង្គារ ទី៨ ខែធ្នូ ឆ្នាំ២០២០ ។

ក្រុមលោក Ole Gunnar Solskjaer ដែលត្រូវការត្រឹមតែស្មើក៏ឡើងដែរនោះ បែរជាត្រូវ Leipzig នាំមុខមុនដល់ទៅ២គ្រាប់ក្នុងពេលត្រឹម១៣នាទីដំបូង គឺដោយ Angelino ក្នុងនាទីទី២និង Haidara ក្នុងនាទី១៣។ Leipzig ដែលបានចាញ់៥-០នៅ Old Trafford ជើងទី១ បានពិឃាតការប្រកួតក្នុងនាទី៦៩ដោយ Justin Kluivert។

Manchester United ព្យាយាមវាយបកវិញ តែតាមមិនទាន់ឡើយ ដោយរកបានត្រឹម ២គ្រាប់ដោយ Bruno Fernandes ស៊ុតបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី៨០ និង Paul Pogba តែតក្នុងនាទី៨២ ក្រោយគេប្ដូរចូលក្នុងនាទី៦១ ។

RB Leipzig ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពាន UCL ដែលពួកគេបានបោះជំហានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន។ ចំណែក Man United បានលេខ ៣ក្នុងពូល បានទៅលេងពាន Europa League ដែលពួកគេធ្លាប់ឈ្នះក្នុងឆ្នាំ ២០១៧ ក្នុងសម័យលោក Jose Mourinho ជាអ្នកចាត់ការ។

សូមជម្រាបថា លោក Solskjaer បានចាញ់ដល់ទៅ ៦ដងក្នុងចំណោមការដឹកនាំក្រុមលេង Champions League ១០ប្រកួត (ឈ្នះ ៤ដង)។ លោកជាអ្នកចាត់ការដំបូងគេដែលចាញ់ចាប់ពី ៦ ប្រកួតឡើងក្នុងចំណោមអ្នកចាត់ការក្លិបអង់គ្លេសដែលដឹកនាំ ១០ប្រកួតដំបូងដូចគ្នាក្នុងពាននេះ។

Manchester United បានរបូតចាប់ពី៣គ្រាប់ឡើងក្នុងពាន UCL ២ប្រកួតជាប់គ្នាជាលើកដំបូងតាំងពីខែមេសាឆ្នាំ ២០០៣ មក។ នេះជាលើកដំបូងតាំងពីសម័យលោក Louis van Gaal ក្នុងរដូវកាល២០១៥-១៦មក ដែល Man Utd ឆ្លងមិនផុតពូល UCL។ Leipzig លេង UCL ក្នុងផ្ទះ៦ដងចុងក្រោយមិនចាញ់សោះ ដោយឈ្នះ ៥ ស្មើ ១ ពិសេស ៤ដងចុងក្រោយឈ្នះរហូត។

Angelino ដែលលេងលើកិច្ចសន្យាខ្ចីពី Man City ស៊ុតបញ្ចូលទីក្នុងនាទី ១:៤៩ ដែលជាការរបូតគ្រាប់លឿនបំផុតរបស់ Man United ក្នុងពាន UCL តាំងពី Alan បានធ្វើសម្រាប់ Braga ក្នុងខែតុលាឆ្នាំ២០១២។ Angelino បានពាក់ព័ន្ធក្នុងគ្រាប់បាល់៦គ្រាប់ក្នុងការបង្ហាញខ្លួន៦លើកក្នុង UCL រដូវកាលនេះ ដោយស៊ុតចូល៣គ្រាប់ assist ៣គ្រាប់។ ដោយឡែក ប្រកួតបន្ទាប់ Man United ត្រូវស្វាគមន៍ Man City ក្នុង Premier League ថ្ងៃសៅរ៍ទី១២ខែធ្នូ៕

Loading...