ភ្នំពេញ៖ ឡៅ ចិត្រា បានលេចមុខជាថ្មីលើសង្វៀនថោនប្រដាល់គុនខ្មែរ បានឈ្នះប្រាក់ចំនួន ៤លានរៀល ដោយបានយកឈ្នះ សួន ចាន់នី ដោយពិន្ទុដាច់ក្នុងវគ្គជម្រុះ ហើយបន្តទៅឈ្នះ ឡុង បេនលឿន ដោយគ្រូពេទ្យប្រចាំសង្វៀនបញ្ឈប់ ពេលបញ្ចប់ទឹកទី១ ព្រោះតែរបួសហូរឈាមខ្លាំងពេក។ ចំណែកកីឡាកររហ័ស្សនាម «បុរសទាត់គល់ដូង» លូត សុផល ត្រូវបានកីឡាករវ័យក្មេង ពេជ្រ បណ្ឌិត វាយឲ្យសន្លប់ត្រឹមទឹកទី៤។ យ៉ាងណាក៍ដោយមហាជននិយមទស្សនាបានចាប់អារម្មណ៍ទៅលើវត្តមានប្រកួតរបស់បុរសហាត់ទាត់គល់ដូង លូត សុផល មានបំណងហក់ចូលសង្វៀនប្រដាល់គុនខ្មែរ ទំនងអាចទៅរួចទោះជាបរាជ័យលើកដំបូងលើសង្វៀនក៍ដោយ។
នៅក្នុងជំនួបប្រកួតចាប់ឆ្នោតវគ្កជម្រុះដំបូង ឡៅ ចិត្រា បានយកឈ្នះពិន្ទុ សួន ចាន់នី ដោយពិន្ទុស្របពេលដែលកីឡាករ ឡុង បេនលឿន បានយកឈ្នះអ្នកលេងកណ្តាប់ដៃ ធន់ ចាន់តាក់ ដោយពិន្ទុ ប៉ុន្តែបានបន្សល់ទុក នូវស្មាមបែកផងដែរ។ យ៉ាងណាក៍ដោយក្នុងជំនួបវគ្គផ្តាច់ព្រ័ត្ររវាង ចិត្រា និងបេនលឿន បានត្រឹម តែមួយទឹក ដោយស្នាមរបួសចាស់របស់ បេនលឿន ដែលបន្សល់ពីការប្រកួតជាមួយ ចាន់តាក់ ត្រូវបានវ៉ៃបន្ថែមពី ចិត្រា នាំឲ្យឈាមហូរខ្លាំងគ្រូពេទ្យប្រចាំសង្វៀនបានបញ្ឈប់តែម្តង ពេលចប់ការប្រកួតទឹកទី១ និងប្រគល់ជ័យជម្នះឲ្យទៅ ចិត្រា តែម្តងអមដោយទឹកប្រាក់រង្វាន់រដូវកាលថ្មីឆ្នាំ២០២១ ចំនួន ៤លានរៀល។
ឡុង បេនលឿន និយាយក្រោយប្រកួតថា៖ ខ្ញុំរម្ពឹងប្រកួតចប់ទឹកហើយលទ្ធផលយ៉ាងណានៅមិនទាន់ប្រាកដនៅឡើយដោយខ្ញុំសង្ឃឹមថាមានលទ្ធភាពឈ្នះប្រសិនបើគ្មានឈាមហូរដោយរបួសដែលបានបង្ករតាំងពីប្រកួតវគ្គជម្រុះជាមួយ ធន់ ចាន់តាក់។ ខ្ញុំចង់ប្រកួតលើកក្រោយទៀតជាមួយគាត់ដើម្បីសងសិកឡើងវិញពីព្រោះក្នុងចំណោមទម្ងន់ ៦៣,៥គីឡូក្រាម គឺនៅសល់តែកីឡាករ ឡៅ ចិត្រា នេះដែលជាឧបសគ្គធំសម្រាប់ខ្ញុំ។ ឡៅ ចិត្រានិយាយថា៖ក្នុ ងពេលប្រកួតជាមួយ ឡុង បេនលឿន លំបាកដែរពីព្រោះកម្លាំងនិ ងចិត្តរបស់គាត់ក្លាហានមិនខ្លាចញញើត។ ខ្ញុំគិតថាយ៉ាងណា ឡុង បេនលឿន គឺខ្ញុំនៅតែអាចរក្សាការពារជ័យជន្នះបានប៉ុន្តែការប្រកួតវាមានលក្ខណៈតឹងតែងព្រោះគាត់មានកម្លាំងល្អចិត្តធំផង។
ចំណែកកីឡាករ លូត សុផល ដែលបានបង្ហាញការចាប់អារម្មណ៍តាំងពីមុនប្រកួតនោះត្រូវបានសន្លប់ធំក្រាមកណ្តាប់ដៃរបស់កីឡាករវ័យក្មេង ពេជ្រ បណ្ឌិត ក្នុងទឹកទី៤។ មុនពេលវេលាសន្លប់ លូត សុផល បានប្រឹងប្រែងអស់ពីសមត្ថភាពមានការប្រទាញប្រទង់គ្នាគួរសមប៉ុន្តែទឹកទី៣ ពេជ្រ បណ្ឌិត នៅមានកម្លាំងល្អជាងមានឱកាសឱបជាប់ឡើងជង្គង់បានញឹកញាប់ខណៈ លូត សុផល មានកម្លាំងស្រុតចុះបានបែរខ្នងញឹកញាប់។
សេន ប៊ុនថេង និយាយថា៖ លូត សុផល អាចបន្តការហ្វឹកហាត់ដោយយកមកហ្វឹកហាត់នៅក្លិបប៉ែនកាត់គុនខ្មែរសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃវិញ។ សេន ប៊ុនថេង គាត់អាចហាត់ឲ្យបានគ្រប់គ្រាន់បំប៉នកម្លាំងអាចនឹងឡើងប្រកួតល្អបានគឺគាត់មានទឹកចិត្តចង់ប្រកួត៕