លោក គឹម ភក្ដី ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្គោលផ្លូវការក្លឹប​បឹង​កេត​ក្រោយបង្កើតកំណត់ត្រាពិសេសជូនក្លិប

117

ភ្នំពេញៈ ក្លិបបឹងកេត បានសម្រេចតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលរបស់ក្លិបជាផ្លូវការហើយ បន្ទាប់​ពីលោក​បាន​ជួយ​ក្រុម​​នាគ​ខៀវនេះ លើកជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ អមជាមួយកំណត់ត្រាពិសេស ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់សោះ ក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៥ ខែវិច្ឆិកានេះ។

លោក បែ មករា អគ្គលេខាធិការក្លិបបានអះអាងថា ក្លិបមិនពិបាកក្នុងការតែងតាំងលោក គឹម ភក្ដី ជាគ្រូបង្គោលឡើយ ដ្បិត​​ក្នុងរដូវកាលឆ្នាំ២០២០ លោកបានដឹកនាំក្រុមទទួលបានលទ្ធផលយ៉ាងល្អ ពិសេស​ការប្រកួត​ក្រប​ខណ្ឌលី​គ​កំពូល​កម្ពុជា ដោយទទួលបានពានជាលើកទី៤។ ម្យ៉ាងក៏ដោយសារការមានចក្ខុវិស័យវាយឆ្ងាយដូចគ្នា រវាង​លោក​ជា​មួយ​នឹង​ក្លិប​ដែរ។

អគ្គលេខាធិការក្លិបដដែលបានបញ្ជាក់ថា «ជំនួសមុខឱ្យថ្នាក់ដឹកនាំក្លិប យើងពិតជាមានមោទកភាព ចំពោះអ្វីដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវ​កាល ២០២០ និងជាលើកទី៤ ក្នុងប្រវត្តិសាស្រ្តក្លិប ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើង​បាន​បញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ»។

លោក «ដោយមើលឃើញអំពីស្នាដៃរបស់គាត់ និងផែនការរៀបចំក្រុមរបស់គាត់ ស្របទៅតាមចក្ខុវិស័យរបស់ក្លិប ដែលផ្តោតទៅលើការអភិវឌ្ឍជាចម្បង ទើបយើងសម្រេចផ្តល់តួនាទីនេះទៅឱ្យគាត់ផ្លូវការតែម្តង» ។ លោក បែ មករា បន្ថែម។

គួរបញ្ជាក់ថា លោក គឹម ភក្ដី ត្រូវបានក្លិបបឹងកេត តែងតាំងឲ្យដឹកនាំក្រុម ក្នុងនាមគ្រូបង្វឹកស្ដីទី ចាប់ពីសប្ដាហ៍ទី៥ នៃលីគ​កំ​ពូលកម្ពុជា ឆ្នាំ២០២០ ក្រោយការចាកចេញរបស់លោក Apisit Im Amphai ហើយ​លោក​បាន​ដឹក​នាំ​ក្រុម​សម្រេច​លទ្ធ​ផល​ល្អជាបន្ដបន្ទាប់ រហូតជួយក្រុមនាគខៀវនេះគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ​១២ និងស្មើ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ៕

Loading...