កែបៈ តាមរយៈការសម្របសម្រួលគ្នារវាងអាជ្ញាធរខេត្តកែបជាមួយភាគីរៀតណាម កាលពីថ្ងៃទី២៩ ខែតុលានេះ ប្រជា នេសាទចំនួន ២៥នាក់ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញដោយសុវត្ថិភាព ក្រោយពីភាគីវៀតណាមបានឃាត់ខ្លួន ដោយសារចូលទៅនេសាទដោយខុសច្បាប់ក្នុងព្រំដែនទឹករបស់ប្រទេសវៀតណាម នៅចំណុចកោះថាស កោះត្រល់ (ភូកុក) កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ទូកនេសាទប្រជានេសាទចំនួន ៥ គ្រឿង ផ្ទុកមនុស្សចំនួន២៥នាក់ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ដោយភាគីវៀតណាម សម្រេចដោះលែងមកវិញ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោយពីមានការអន្តរាគមន៍ពីសំណាក់នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា ជាមួយភាគីអាជ្ញាធរវៀតណាមនៅចំណុចកោះត្រល់។
ឯកឧត្តម សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខប្រជានេសាទទាំង២៥រូបនោះ ហើយក៏បានណែនាំបន្ថែមអោយពួកគាត់យល់អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេតទៅទៀត រួចក៏អនុញ្ញាតិ អោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
លោក សំរិទ្ធ ថាវរ៉ាត់ មេបញ្ជាការវរៈសេនាតូច នគរបាលការពារ ព្រំដែនទឹកលេខ ៤៣០ បានរៀបរាប់បន្ថែមថា លោកបានទទួលព័ត៌មាន ពីបងប្អូនប្រជានេសាទ ហើយក៏បានទំនាក់ទំនងទៅប្រធាននាយកដ្ឋានការពារព្រំដែនទឹក ហើយខាងនាយកដ្ឋានក៏បានដាក់បទបញ្ជា ឱ្យវីរៈការពារព្រំដែនទឹកខេត្តកែបយើង ទំនាក់ទំនងទៅអាជ្ញាធរវៀតណាម ដើម្បីសុំការសម្របសម្រួល និងយកបងប្អូនប្រជានេសាទត្រឡប់មកវិញ។
គួររម្លឹកបញ្ជាក់ថាតាមមតិលើកឡើងរបស់ប្រជាពលរដ្ឋនៅខេត្តកែបបានទន្លាយឲ្យដឹងថាបងប្អូនប្រជានេសាទចំនួន២៥នាក់មិនបានដឹងពីព្រុះប្រទល់សមុទ្រនោះឡើយហើយសមត្ថកិច្ចវៀតណាមបានចាប់ប៉ុន្តែបើប្រជាពលរដ្ឋនេសាទរបស់វៀតណាមមកនេសាទក្នុងទឹកទីកម្ពុជាវិញអាជ្ញាធរស្ងាត់ឈឹងមិនហ៊ានប្រតិកម្មអ្វីឡើយ៕