អ្នកលេងគុនខ្មែរក្នុងវ័យ៣៧ឆ្នាំជាង២០ឆ្នាំលើសង្វៀនប្រដាល់ដើម្បីជីវភាពគ្រួសារ

366

អ្នកលេងគុនខ្មែរក្នុងវ័យ ៣៧ឆ្នាំ ងួន គា ជាអ្នកប្រដាល់មាឌល្អិតចិត្តធំមួយរូបក្នុងទម្ងន់ស្រាលគឺឡើងប្រកួតក្នុងរង្វង់ទម្ងន់ ៥៤ ដល់ ៥៧ និង ៦០គីឡូក្រាម និងភរិយាឈ្មោះ សឹង តុ ជើងខ្លាំងផ្នែកប្រដាល់ស្រីដែលពីរនាក់ប្រទប្រពន្ធបានចាប់យកមុខរបរប្រដាល់ដើម្បីកសាងគ្រួសារ និងចឹញ្ចឹមកូនៗ។ គិតមកដល់ឆ្នាំ ២០២០ នេះ ងួន គា មានអាយុកាន់តែចាស់គឺ ៣៧ឆ្នាំ ទៅហើយមានកូនក្នុងបន្ទុកចំនួន៣នាក់និងប្រពន្ធជាអ្នកប្រដាល់ជើងខ្លាំង មួយរូបឈ្មោះស៊ឹងតុដែលបានលាឈប់ពីសង្វៀនប្រដាល់ដោយសារជម្ងឺទឹកនោមផ្អែម។កីឡាករងួនគាបានអះអាងថានៅតែប្រកួតបានល្អនិងសុំបន្តការប្រកួតកុំឲ្យមានការរើសអើងព្រោះវ័យចាស់នោះពីព្រោះដើម្បីប្រាក់ទ្រទ្រង់ជីវភាពនិងជួយកូនស្រីឲ្យបន្តការរៀនបានដូចគេ។

ងួន គា និយាយ៖ ខ្ញុំបានឆ្លងកាត់ការប្រកួតតាំងពីអាយុ ១៧ឆ្នាំ គិតទៅរយៈពេលជាង ២០ឆ្នាំ ក្នុងទម្ងន់ស្រាលហើយក៍មិនធ្លាប់បានចូលប្រកួតដណ្តើមខ្សែក្រវាត់ម្តងណាទេដោយភាគច្រើនគេថាខ្ញុំចាស់ពេកប៉ុន្តែអ្នកទស្សនាភាគច្រើនសរសើរខ្ញុំថាល្អវ៉ៃស៊ូតែកំរបានប្រកួតលក្ខណៈអន្តរជាតិណាស់។នៅក្នុងការប្រកួតជាក់ស្តែងជិត៣០០លើកខ្ញុំធ្លាប់ប្រកួតជាមួយកីឡាករថៃម្តងគត់នៅក្រុងប៉ោយប៉ែតផ្តួលដៃឲ្យសន្លប់ត្រឹមទឹកទី៤។ក្រៅពីនេះខ្ញុំប្រកួតជាមួយកីឡាករខ្មែរគ្នាឯងឈ្នះច្រើនជាងចាញ់។ កីឡាករងួនគាបន្តថា៖គិតដល់ឆ្នាំ២០២០នេះខ្ញុំអាយុ៣៧ឆ្នាំកំពុងព្រួយបារម្ភខ្លាចគេមិនចាប់គូឲ្យប្រកួតដោយគេថាខ្ញុំចាស់។ តាមពិត ខ្ញុំប្រកួតនៅតែល្អគឺមិនងាយចាញ់ដោយសន្លប់ទេគឺតែងតែប្រកួតគ្រប់ទឹក។ «ខ្ញុំចង់បន្តការប្រកួតដើម្បីរកលុយជួយកូនរៀនឲ្យចប់យ៉ាងហោចណាស់ត្រឹមវិទ្យាល័យដើម្បីមានការងារធ្វើកុំឲ្យអភ័ព្ទដូចខ្ញុំនិងប្រពន្ធរកលុយតាមរយៈប្រដាល់»។ងួនគាមិនត្អូញត្អែពីការលំបាកនោះទេពីព្រោះឆាកជីវិតតស៊ូរកប្រាក់កសាងក្នុងសង្គមគ្រួសារចឹញ្ចឹមកូន ៣នាក់ គឺបានមកពីឡើងប្រដាល់ទាំងប្តីនិងប្រពន្ធហើយក្រៅពីនេះធ្វើជាកម្មករសំណង់ដើម្បីបង្គ្រប់ការចំណាយ។ជាមធ្យមងួនគារកប្រាក់តាមរយៈឡើងប្រដាល់ក្នុងមួយខែ២ទៅ៣លើកបានតម្លៃខ្លួនចន្លោះពី ៣៥ ទៅ ៤០ម៉ឺនរៀលក្នុងការប្រកួតមួយដងទៅតាមចាញ់ឬឈ្នះ។

មានស្រុកកំណើតក៍ដូចបច្ចុប្បន្នស្នាក់នៅក្នុងភូមិស្រុកចេកសង្កាត់ដង្កោខ័ណ្ឌដង្កោរាជធានីភ្នំពេញលើដីឪពុកម្តាយឲ្យសាង់ផ្ទះខ្ទមទំហំតូច៣គុណ៤ម៉ែត្រប្រក់ស័ង្កសីមួយដែលគេចផុតពីផ្ទះជួលគេក្នុងលក្ខណៈសាមញ្ញ។

ងួន គា បានបញ្ជាក់ពីផលប៉ះពាល់សុខភាពខ្លះកន្លងមកឲ្យដឹងថា ច្រមុះខ្ញុំដែលបាក់ខូចនេះជាការប្រកួតមួយដែលចាំមិនភ្លេចទេហើយអ្នកដែលធ្វើឲ្យខ្លួនបាក់នៅពេលនោះគឺសូយសុភាព។របួសច្រមុះនេះគឺនៅសង្វៀនបាយ័នអំឡុងពេលដែលសង្វៀនមួយនេះបើកបានប្រហែល ១ឆ្នាំ គឺខ្ទង់ឆ្នាំ ២០០៩ ហើយការព្យាបាលកាលនោះមិនបានល្អហើយបន្ទាប់បាក់បែកញឹកញាប់ពេកគឺកំពិតតែម្តង។

ងួន គា ជាកីឡាករគុនខ្មែរចាស់វស្សាជាងគេនៅតែរក្សាបានការប្រកួតល្អថេរជានិច្ច និងហ្វឹកហាត់នៅក្លឹបតាឡីដំរីមានរិទ្ធដែលមានលោកគ្រូម៉ាក់សាខនជួយបង្វឹកហើយការប្រកួតមានប្រិយភាពបង្គួរព្រមទាំងមិនធ្លាប់ជាប់ពិន័យឬធ្វើឲ្យខូចកម្មវិធីម្តងណាឡើយ។យ៉ាងនេះក៍ដោយក្នុងរយៈពេល២០ឆ្នាំងួយគាធ្លាប់ឈ្នះជើងឯករាជធានីភ្នំពេញឆ្នាំ២០១៥និងឈ្នះជើងឯកជាតិឆ្នាំ២០១៧ក្នុងប្រភេទទម្ងន់ ៥៤ និង ៥៧គីឡូក្រាម។

លោកស្រីសឹងតុជាភរិយារបស់ងួនគានិយាយថា៖ទោះជីវភាពរបស់ពួកខ្ញុំលំបាកនិងការតស៊ូយកការប្រកួតកីឡាជាដើមទុនតែមានសុភមង្គលល្អមិនតូចចិត្តឬបន្ទោសទៅអ្នកណានោះឡើយ។សព្វថ្ងៃខ្ញុំប្រកួតលែងកើតដោយសារខ្លាចរងរបួសពិបាកព្យាបាលពីព្រោះខ្ញុំមានជម្ងឺទឹកនោមផ្អែមប៉ុន្តែពេលប្តីខ្ញុំទៅប្រកួតខ្ញុំរៀបចំជួយឲ្យទឹករួមទាំងកូនៗផងដែរ។«ខ្ញុំគាំទ្រឲ្យគាត់នៅបន្តការប្រកួតទោះបីអាយុច្រើនជាងគេក៍ដោយពីព្រោះផ្តល់សម្រាប់ជីវភាពគ្រួសារបានមួយកម្រិតធំ»៕

Loading...