កែវ រំចង់ និង វង្ស ណយ វិលមកកាន់សង្វៀនឡើងវិញក្នុងទម្ងន់៨៣គីឡូក្រាមក្រោយខកខានជិតមួយឆ្នាំ

377
(ក្រហម) កែវ​ រំចង់ (ខៀវ) វង់ ណយ

បន្ទាប់ពីខកខានប្រកួត និងឃ្លាតពីសង្វៀនប្រដាល់ជិតមួយឆ្នាំដូចគ្នា កែវ រំចង់ និង វង្ស ណយ បានណាត់គ្នាឡើង សង្វៀនវិញក្នុងកម្មវិធីខារ៉ាបាវម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសង្វៀនបាយ័ន។

ក្នុងបទសម្ភាសជាមួយអ្នកប្រដាល់ឆ្នើមទាំងពីរ គឺពាក្យដែលធ្លាប់អះអាងថាលាចាកពីសង្វៀនប្រកួតដោយហេតុផលផ្សេងៗពីគ្នានោះ ឥឡូវត្រូវបានបកស្រាយវិញថា នឹងឡើងសង្វៀនទៅតាមសំណូមពរបងប្អូនដែលចង់ឃើញការប្រកួតឡើងវិញ។ ជាមួយគ្នានេះពួកគេសុទ្ធតែឡើងទម្ងន់ខ្ពស់ ប៉ុន្តែសម្រកមកប្រកួតក្នុងទម្ងន់ ៨៣គីឡូក្រាមក្ នុងតម្លៃខ្លួនពិសេសមួយសុំមិនបញ្ចេញឲ្យដឹង។ យ៉ាងណាក៍ដោយកន្លងមកពួកគេមិនព្រមចូលប្រកួតដោយសារបញ្ហាតម្លៃខ្លួននេះមួយចំណែកផងដែរ ប៉ុន្តែប្រភពមួយដ៏គួរឲ្យទុកចិត្តមួយបានខ្សឹបប្រាប់ថា៖ តម្លៃខ្លួនប្រកួតលើកនេះប្រហែលស្មើនឹងប្រកួតលក្ខណៈអន្តរជាតិមុនៗដែរ។

វង្ស ណយ បានផ្តល់សម្ភាសថា៖ ខ្ញុំធ្លាប់អះអាងមែនថាលាចាកពីសង្វៀនប្រដាល់ដោយសារតែពេលចាញ់មានគេជេរនិងកម្លាំងធ្លាក់ចុះ ប៉ុន្តែពេលនេះមានបងប្អូនជាច្រើនសំណូមពរ ពិសេសកម្មវិធីគេហៅឲ្យប្រកួត ដូច្នេះខ្ញុំសម្រេចថាវិលមកវិញទៅតាមលទ្ធភាពពីព្រោះអាចជួយជីវភាពបានខ្លះៗដែរ ។ វង្ស ណយ បន្ថែមថា៖មុខរបររកស៊ីលក់ងៀតក្របីរបស់ខ្ញុំនៅដដែលហើយបានខំហ្វឹកហាត់មួយរយៈដើម្បីមានសមត្ថភាពសម្រាប់ឡើងប្រកួតឲ្យល្អមើលនិងគេចចេញពីការជេរប្រមាថនៅពេលខ្ញុំចាញ់ម្តងៗ ។ «ខ្ញុំសង្ឃឹមឈ្នះ កែវ រំចង់ ត្រឹម៥០ភាគរយប៉ុណ្ណោះ» ។ ចំណែក កែវ រំចង់ បានផ្តល់សម្ភាសថា៖ខ្ញុំឃ្លាតចាកពីសង្វៀនដោយសារមិនចង់ប្រកួតជាមួយខ្មែរគ្នាឯងនិងបញ្ហាតម្លៃខ្លួនផងដែរ គឺចង់ចាញ់ឬឈ្នះជាមួយកីឡាករបរទេសហើយក្រោយមានកូវីដ១៩កម្មវិធីប្រកួតគឺគ្មានគូអន្តរជាតិសោះ ។ កែវ រំចង់ បានអះអាងថា ឆាកជីវិតរបស់ខ្ញុំ គឺពេលឡើងសង្វៀនទៅដឹងតែវ៉ៃសម្រុកគ្មានចេះបន្ធូរដៃឲ្យដៃគូទេ ហើយភាពល្បីល្បាញរបស់ខ្ញុំគឺវ៉ៃអស់ពីសមត្ថភាពនេះឯង ដូច្នេះទោះវ៉ៃទម្ងន់ធ្ងន់ក៏មិនវ៉ៃលំៗយកតម្លៃខ្លួននោះដែរ ។ ចំពោះ វង្ស ណយ ត្រូវបាន កែវ រំចង់ អះអាងថា ជាកីឡាករជើងចាស់ដូចគ្នា គេល្អទាំងកែង និងជង្គង់ គឺមិនមែនងាយស្រួលទេ ហេតុនេះខ្ញុំសង្ឃឹមឈ្នះតែ៦០ភាគរយប៉ុណ្ណោះ។

បើតាមកំណត់ត្រាប្រកួតរបស់ជើងចាស់ទម្ងន់ធ្ងន់ទាំងពីរ គឺពួកគេធ្លាប់ជួបគ្នាចំនួន៦លើកក្នុងនោះធ្លាប់ឈ្នះ៣លើកម្នាក់ប៉ុន្តែកេរ្ត៍ឈ្មោះ កែវ រំចង់ ល្បីល្បាញជាងមានចំណុចពិសេសមួយទៀតគឺមានតែ វង្ស ណយ នេះហើយដែលធ្វើឲ្យ កែវ រំចង់ ចាញ់ដោយឈឺចាប់បំផុតចំនួនពីរលើកកាលពីនៅទម្ងន់៦៧និង៦៩គីឡូក្រាមព្រមទាំងរបូតខ្សែក្រវាត់ទៀតផង។

លោក កែវ សំអាង គ្រូបង្វឹកនិយាយថា៖ប្រកួតលើកនេះខ្ញុំមិនបានបង្វឹកផ្ទាល់ដៃទេគឺភាគច្រើន រំចង់ ហ្វឹកហាត់ផ្ទាល់ខ្លួនហេតុនេះខ្ញុំសង្ឃឹមឈ្នះមិនច្រើនទេដោយសារខកខានប្រកួតយូរពេកផង។ យ៉ាងណាក៍រំចង់ប្រកួតមិនឲ្យមហាជនខកចិត្តនោះដែរ ។ លោក រ័ត្ន សំអាត អ្នកគ្រប់គ្រង វង្ស ណយនិយាយថា វង្ស ណយ មកហាត់បានពីរសប្តាហ៍ដោយសារទទួលបានការប្រកួតឡើងវិញ ។ ខ្ញុំនៅតែគាំទ្រគាត់ជានិច្ចពីព្រោះកីឡាករគឺស្ម័គ្រចិត្ត គ្មាននណាបង្ខំទេ ពេលណាសុខភាពល្អហាត់បានល្អចាប់គូបានឡើងប្រកួតទៅវាជារឿងធម្មតា។ តាមប្រភពពីអ្នកនិយមតាមដានប្រដាល់ភាគច្រើនមានជំនឿនិងលាន់មាត់ថាពួកគេប្រហែលជាវ៉ៃមិនល្អដូចលើកមុនៗទេពីព្រោះខកខានឡើងសង្វៀនយូរនិងឡើងទម្ងន់សុទ្ធតែជាង៨០គីឡូក្រាមនិងហាត់បានតិចតួចផង។ យ៉ាងណាក៍មានអ្នកខ្លះហ៊ានទស្សន៍ថាការប្រកួតនេះប្រហែលមិនសូវល្អមើលទេ ព្រោះគេគិតាគូនឹងអាចបានលទ្ធផលស្មើគ្នាឬ កែវ រំចង់ មានប្រៀបឈ្នះច្រើនជាង៕

Loading...