Keisuke Honda បង្ហោះសារចូលរួមសោកស្ដាយចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀងនៅកម្ពុជា

143

លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារចូលរួមសោកស្ដាយ និងបារម្ភជាពន់ពេក ចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា និងបំផ្លាញផលដំណាំជាច្រើនម៉ឺនហិចតា។

ការបង្ហាញនូវសន្ដានចិត្ដក្នុងគ្រាប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ សមាជិកក្លិបលីគកំពូលប្រេស៊ីល Botafogo FC ខាងលើបានសរសេរថា «ផ្ញើជូនប្រជាជនកម្ពុជា! ខ្ញុំពិតជាសោកស្ដាយចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែលរងគ្រោះដោយសារគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង»។

 

លោកថា «ខ្ញុំមានអារម្មណ៍មិនល្អសោះ ដែលមិនអាចជួយអ្នកបាន ប៉ុន្តែខ្ញុំពិតជាបារម្ភពីអ្នក។ មានតែពាក្យមួយគត់ដែលខ្ញុំអាចនិយាយបានពេលនេះ គឺសូមរស់នៅកន្លែងមានសុវត្ថិភាព និងរក្សាភាពរឹងមាំ។ ជួបគ្នាឆាប់ៗ»។ នេះគឺជាសាររបស់លោក Honda ដែលបានបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនកាលពីល្ងាចមិញ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មានរយៈពេលជាង ១០ថ្ងៃហើយ ដែលជំនន់ទឹកភ្លៀង បានវាយប្រហាររាជធានី និងខេត្តមួយចំនួន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ និងគ្រួសារ ហើយគិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលានេះ មានអ្នកស្លាប់ដោយសារគ្រោះមហន្ដរាយនេះចំនួន ៣៤ នាក់ហើយ៕

Loading...