កីឡាការ៉ាតេ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ

95

ព្រឹទ្ធចារ្យកីឡាការ៉ាតេកម្ពុជា លោក ឡាច ចាន់តារា បានអះអាងថា កីឡាការ៉ាតេដូ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។

ព្រឹទ្ធាចារ្យខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ឋានៈជាឧត្តមសេនីយ័ត្រី និងជាអនុប្រធានអយការតុលាការយោធា បានថ្លែងបែបនេះ គឺក្នុងពេលដែលលោកកំពុងដឹកនាំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ១នៅក្នុងមជ្ឈមណ្ឌលកីឡានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកថា ការ៉ាតេជាប្រភេទកីឡាប្រយុទ្ធដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយមនុស្ស គ្រប់ជាតិសាសន៍ និង គ្រប់វ័យ ពិសេសមនុស្សស្រីប្រសិនបើបានហ្វឹកហាត់ការ៉ាតេគឺពិតជាល្អបំផុត ព្រោះក្រៅពីធ្វើឲ្យមានសុខភាពល្អ គឺគាត់នឹងមានស្មារតីរឹងប៉ឹង ក្លាហាន និង មានសមត្ថភាពអាចជួយខ្លួនឯង ឬ ការពាអ្នកដែលនៅក្បែរខ្លួនបានថែមទៀតផង ។

គ្រូបង្វឹកដែលជាម្ចាស់ក្លឹបការ៉ាតេសុរិយា រូបនេះបានបញ្ចាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំដែលលោកបានចូលប្រឡូកជាមួយកីឡាការ៉ាតេគឺក្រៅពីមានស្នាដៃក្លាយជាកីឡាករជម្រើសជាតិលោកក៏ជាគ្រូបង្វឹកដែលអាចបណ្ដុះបណ្ដាលសិស្សគុនបានយ៉ាងច្រើន ប៉ុន្តែសិស្សគុនដែលបានក្លាយទៅជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិគឺទើបតែបានចំនួន៣នាក់ប៉ុណ្ណោះ រីឯ១០នាក់ទៀតគឺលោកកំពុងតែបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់ពួកគេឲ្យក្លាយជាមន្ត្រីដែលអាចដឹកនាំការប្រកួតនៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក ឡាច ច័ន្ទតារា បានបង្ហើបថា មួយរយៈចុងនេះលោកបានទៅជួយបង្ហាត់ដល់មន្ត្រីនិង កីឡាករ-ការិនី របស់ក្រសួងមហាផ្ទៃ និង បានដឹកនាំចេញទៅប្រកួតដណ្ដើមពានរង្វាន់ប៉ូលីសពិភពលោកនៅទីក្រុងឆាំងឌូប្រទេសចិនជួយឲ្យក្រុមកីឡាការ៉ាតេកម្ពុជាដណ្ដើមបានចំនាត់ថ្នាក់លេខ១ថែមទៀតផង។

សូមបញ្ជាក់ថា ការ៉ាតេដូជាប្រភេទកីឡាប្រយុទ្ធរបស់ប្រទេសជប៉ុនដែលហូរចូលមកកម្ពុជានាអំឡុងមុនទសវត្សរ៍ឆ្នាំ១៩៦០ បច្ចុប្បន្នកីឡាការ៉ាតេកំពុងមានប្រជាប្រីយ៍ភាពខ្លាំងក្នុងស្រទាប់យុវវ័យកម្ពុជា ប៉ុន្តែកីឡាប្រភេទនេះហាក់មិនសូវមានសក្ដានុពលសម្រាប់ការប្រកួតប្រជែងលើឆាកអន្តរជាតិប៉ុន្មានទេ ដូចជាការប្រកួតកម្រិតអាស៊ី កម្រិតស៊ីហ្គេម ឬ កម្រិតពិភពលោកជាដើម៕

Loading...