ខាន់ ជេសា ធ្លាប់ហាត់កីឡា៧ប្រភេទតាំងពីក្មេងទម្រាំចាប់អាជីព jiu-jitsu

590

កីឡាការិនីកូនខ្មែរកាត់អាមេរិកវ័យទើប ១៨ឆ្នាំ ខាន់ ជេសា (Jessa Khan) ដែលកំពុងមានចំណាប់អារម្មណ៍ពីអ្នកគាំទ្រទាំងប្រជាជនកម្ពុជា និងអ្នកគាំទ្រនៅក្រៅប្រទេសលើទេពកោសល្យពិសេសក្នុងប្រភេទកីឡា ជឺជីតស៊ូ (jiu-jitsu) កាលពីកុមារភាពនាងធ្លាប់ហាត់កីឡារហូតដល់៧ប្រភេទទម្រាំសម្រេចចិត្ដចាប់យកកីឡាជឺជីតស៊ូជាអាជីព។

ក្រោយពីទទួលបានមេដាយមានលំដាប់តំបន់អាស៊ី និងពិភពលោកជាបន្តបន្ទាប់លើការប្រកួតកីឡា ជឺជិតស៊ូ ជេសា បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជាបន្ដបន្ទាប់។ ក្នុងកិច្ចសម្ភាសន៍ជាមួយ វ៉េបសាយកីឡាល្បី BJJ Heroes ក្នុងខែឧសភា ថ្មីៗនេះ ជេសា បានប្រាប់ថា៖«ខ្ញុំបានដឹងថាកាលនោះខ្ញុំទើបមានអាយុ ១២ ឆ្នាំ ហើយពេលនោះហើយជាពេលដែលខ្ញុំដឹងថាខ្ញុំចូលចិត្ដកីឡា ជឺជីតស៊ូ និងត្រូវចាប់យកវាជាអាជីពរបស់ខ្ញុំ»។

ក្នុងពេលកុមារភាពដែលកំពុងរស់នៅសហរដ្ឋអាមេរិក កីឡាការិនី កូនខ្មែរកាត់អាមេរិករូបនេះ បានប្រាប់ថា នាងបានប្រឡូក ហាត់ ជាមួយកីឡាជាច្រើនប្រភេទ ក្នុងនោះមាន កីឡាជាប្រភេទរបាំបាឡេ, Tee Ball, ការ៉ាតតេ, បាល់ទាត់, ជឺជីតស៊ូ, ចំបាប់ និងយ៉ូដូ។

ជាមួយគ្នានោះក៏ធ្លាប់ដណ្ដើមជើងឯកលេខ១ផ្នែកកីឡាបាល់ទាល់ឲ្យសាលារៀនកាលនៅបឋមសិក្សាផងដែរ។ តាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្នុងពេលថ្មីៗនេះក៏មានដំណឹងថា មានប្រទេសចំនួន ៣ ចង់ចែចៅ ជេសា ឲ្យទៅប្រកួតតំណាងប្រទេសពួកគេ ប៉ុន្តែ ឪពុករស់នាងចង់ឲ្យនាង ប្រកួតតំណាងឲ្យតែកម្ពុជាប៉ុណ្ណោះ។ ព្រោះនាងមានឈាមជ័យជាកូនខ្មែរ ហើយសូម្បីតែនាងខ្លួនឯងក៏ស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរយើងផងដែរ៕

Loading...