ខាន់ ចេសា បង្កើតកំណត់ត្រាថ្មី ជាប់ជាកីឡាការិនីក្មេងជាងគេទទួលបានខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ

224

 

Jessa Khan sets new record for youngest athlete to win black belt

ភ្នំពេញៈ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជា ខាន់ ចេសា បានក្លាយជាកីឡាការិនីវ័យក្មេងជាងគេលើកដំបូង ដែលទទួលបាន​ខ្សែក្រវាត់ខ្មៅ នៃកីឡាជឹជិតស៊ូ នៅ​វ័យ ១៨ឆ្នាំ ក្នុងកម្មវិធី Jiu-Jitsu kid’s program ដែលរៀបចំដោយស្ថាប័នអន្ដរជាតិកាល​ពីពេលថ្មីៗនេះ។

ទាក់ទិន​នឹង​ការបង្កើតកំណត់ត្រាថ្មីក្នុងវិស័យកីឡាជឺជិតស៊ូនេះ ខាន់ ចេសា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ចំពោះការដំឡើងខ្សែក្រវាត់ដល់ខ្លួន ពីកម្រិតខ្សែក្រវាត់ត្នោត មកខ្សែក្រវាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោក ដែលទទួលបានខ្សែក្រវាត់នេះ មុននាងឈានចូលវ័យ ១៩ឆ្នាំកាលពីយប់មិញ។

Jessa Khan sets new record for youngest athlete to win black belt.

តាមរយៈការដណ្ដើមបានមេដាយលើឆាកអន្ដរជាតិបន្ដបន្ទាប់ រហូតទទួលបានខ្សែក្រវាត់ខ្មៅនេះ ត្រូវបានអ្នកជំនាញកីឡាជឺជិតស៊ូពិភពលោក សម្ដែងការស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពរបស់កីឡាការិនីខ្មែរ-អាមេរិករូបនេះ ក្នុងនាមជាស្ដ្រី តែបានធ្វើរឿងអស្ចារ្យជាច្រើន ដែលស្ទើរមិនគួរឲ្យជឿ។

ខាន់ ចេសា បានបង្ហាញអារម្មណ៍រំភើបរីករាយថា «វាជាថ្ងៃដែលគួរឲ្យចងចាំ! ខ្ញុំបានទទួលខ្សែក្រវាត់ខ្មៅ នៅក្នុងអាជីពកីឡាជឺជិតស៊ូហើយ។ ខ្ញុំរីករាយខ្លាំងណាស់ ដែលខ្ញុំបានសំរេចគោលដៅមួយរបស់ខ្ញុំ ដោយទទួលបានខ្សែក្រវាត់ខ្មៅនៅត្រឹមវ័យ ១៨ឆ្នាំ ដែលជាខ្សែក្រវាត់ខ្មៅនារីដំបូងគេរបស់ជឺជិតស៊ូពីកម្មវិធី Jiu-Jitsu kid’s program»។

កីឡាការិនីកូនកាត់ដដែលបន្ថែមថា ទម្រាំទទួលបានខ្សែក្រវាត់ខ្មៅនេះ នាងត្រូវពុះពារលើសមរភូមិហ្វឹកហាត់ ១០ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១០ កាលនាងនៅវ័យ ៨ឆ្នាំ ហើយបានឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកល្បីៗជាច្រើន ដើម្បីពង្រឹងសមត្ថភាព រហូតក្លាយជាកីឡាការិនីដ៏ជោគជ័យម្នាក់ ក្នុងប្រភេទកីឡាប្រើកម្លាំងមួយនេះ។

គួរបញ្ជាក់ថា ខាន់ ជេសា មានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិមិចសិច តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ខណៈបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិក។ មុនឈានចូលវ័យ ១៩ឆ្នាំ ចេសា បានដណ្ដើមមេដាយលើឆាកអន្ដរជាតិ រួមទាំងមេដាយមាសពិភពលោកដ៏ច្រើន ពិសេសនាងបានរួមចំណែកសាងប្រវត្តិសាស្ដ្រ ២លើកឲ្យកម្ពុជា តាមរយៈការដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីម្ដង និងឈ្នះមេដាយស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីនម្ដង៕

Loading...