លោកហ៊ុន ច័ន្ទរាជអះអាងថា កីឡាករកាកាគ្មានឈ្មោះទៅប្រកួតនៅជប៉ុនទេ

2464

ក្រោយពីមានដំណឹងលេចឮថា សុខ ធី ហៅកាកា នឹងត្រូវប្រកួតនៅសង្វៀន ONE Championship ក្នុងកម្មវិធី ONE: NEW ERA នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ​ ២០១៩ ​ដែលធ្វើនៅប្រទសជប៉ុននោះ  លោកហ៊ុន ច័ន្ទរាជ ធ្លាប់នាំសុខ ធី ទៅប្រកួតនៅក្រៅប្រទេសនៅរសៀលថ្ងៃចន្ទនេះបានចេញមុខមកបដិសេធចោលដំណឹងនេះ។

លោកហ៊ុន ច័ន្ទរាជ បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា លោកបានដឹងពីរឿងនេះច្បាស់ ដោយកីឡាករសុខ ធី មិនមានឈ្មោះទៅប្រកួតនៅក្នុងប្រទេសជប៉ុនទេ។ ជាមួយគ្នានេះ លោកក៏សុំឲ្យអ្នកលេងហ្វេសប៊ុកទាំងឡាយឈប់ផុស និងចែកចាយរឿងមិនពិតនេះតទៅទៀត ព្រោះវាអាចនឹងនាំបញ្ហាដល់លោកដែលជាអ្នកសម្របសម្រួលនាំកីឡាករកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេស។

ការចេញមុខបកស្រាយរបស់លោកហ៊ុន ច័ន្ទរាជនាពេលនេះ ធ្វើឡើងក្រោយពីកាសែត Thairath របស់ថៃ បានចុះផ្សាយថា កីឡាករសុខ ធី ហៅ កាកា នឹងទៅប្រកូតនៅក្នុងប្រទេសជប៉ុន។ រីឯកីឡាករថៃម្នាក់ ក៏បានអះអាងដូចគ្នានេះដែរ។ ប៉ុន្តែ លោកហ៊ុន ច័ន្ទរាជ បានអះអាងតបទៅវិញថា កីឡាករថៃរូបនោះ បានច្រឡំកីឡាករដែលចេញទៅប្រកួតនៅក្នុងប្រទេសជប៉ុនហើយ។

បើទោះបីជាយ៉ាងណាក៏ដោយ មហាជនដែលគាំទ្រគុនខ្មែរនៅតែមានការសង្ស័យដោយចោទជាសំណួរថា ប្រសិនបើកាកាទៅវាយនៅជប៉ុនមែននោះ តើវាយតំណាងឲ្យកម្ពុជា ឬក៏ថៃ។ ម្យ៉ាងវិញទៀត បើកាកាទៅវាយមែន នោះនឹងបំពានការពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខែ្មរ ដែលបានពិន័យរូបគេមិនឲ្យឡើងប្រដាល់រយៈពេល ៦ ខែគ្រប់សង្វៀនប្រដាល់ទាំងអស់មិនថាទាំងសង្វៀនក្នុងប្រទេស និងក្រៅប្រទេស ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ តទៅ៕

Loading...