នេះជារដូវកាលទី ១៤ នៃពានសម្ដេច ហ៊ុន សែន បន្ទាប់ពីកកើតនៅឆ្នាំ ២០០៧ មក។ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន បានជួបគ្នាបីលើកនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០០៧ ដែលពាននេះដំណើរការលើកដំបូង ឆ្នាំ ២០១០ និងឆ្នាំ ២០២០ នេះ។
ណាហ្គាវើលដ៍ (ណាហ្គាខប) ឈ្នះ ភ្នំពេញក្រោន ៤-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានសម្ដេចឆ្នាំ ២០០៧ ។ ពេលណាហ្គាលវើលដ៍ ឈ្នះ ភ្នំពេញក្រោន ឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែគ្រានោះ ខេមរាកីឡា ឯណោះទេដែលជាអ្នកលើកពានលំដាប់ទី២ លើកដំបូង។
រយៈពេល ៣ ឆ្នាំបន្ទាប់ ក្រុមទាំងពីរបានជួបគ្នាជាថ្មីម្ដងទៀតនៅវគ្គ ៤ ក្រុមចុងក្រោយ កាលពីខែកុម្ភៈ ឆ្នាំ ២០១០ ក្រុម ភ្នំពេញក្រោន បានត្រឹមស្មើ ណាហ្គាវើលដ៍ ដោយលទ្ធផល ៣-៣ បន្ទាប់ពីបន្ថែមម៉ោង ១៥ នាទីពីរដង។ យ៉ាងណាក្ដី ភ្នំពេញក្រោន យកឈ្នះគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៤-៣ នៅរដូវកាលទី ៤ នៃពានសម្ដេច ហ៊ុន សែន។ ទោះជាក្រុមភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែជើងឯកធ្លាក់ទៅក្រុមក្រសួងការពារជាតិ។ ហើយឆ្នាំ ២០២០ នេះ ក្រុមណាហ្គាវើលដ៏ បានយកឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ វិញម្ដង ក្រោយប្រកួត ៩០ នាទីពេញស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍ ធ្លាបឈ្នះពានសម្ដេច ហ៊ុន សែន បានម្ដងនៅឆ្នាំ ២០១៣ ចំណែក ភ្នំពេញក្រោន ឈ្នះបានពីរដង ហើយជាក្រុមដំបូងឈ្នះពានសម្ដេចពីរសម័យជាប់គ្នានៅឆ្នាំ ២០០៨ និង ២០០៩ ៕