
ភ្នំពេញ៖ ក្រុមហនុមានបានឈ្នះជើងឯកកីឡាបាល់ឱបជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក នួន ឡេង អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ឱបកម្ពុជាបានឱ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ក្រោមការគាំទ្រកញ្ចប់ថវិកាអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានការបែងចែកចេញជាកម្រិតអាយុ ហើយជាលទ្ធផលផ្នែកក្រុមធំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើក្រុមហនុមាន, មេដាយប្រាក់ ក្រុមក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធិ បានទៅលើក្រុមហ្គារូដ៉ា-B។ លោកបន្ដថា ជ័យលាភីយុវជនអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ (PSE U18), លេខ២ ក្រុមគ្រួសារថ្មី។ ផ្នែកយុវជននារី លេខ១ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ និងលេខ២ ក្រុម Sunrise Cambodia ខណៈផ្នែក កុមារអាយុក្រោម១២ឆ្នាំ ចំណាត់ថ្នាក់លេខ១ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ និងលេខ២ ក្រុម Sunrise Cambodia ។
លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងឈុតធំ និងឈុតថ្នាលគ្រប់កម្រិតទាំងអស់គប្បីត្រូវខិតខំប្រឹងប្រែងការហ្វឹកហាត់ និងការប្រកួតឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីគោលដៅនៃការអភិវឌ្ឍវិស័យកីឡាបាល់ឱបនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថា ការប្រកួតនេះមិនត្រឹមតែមានការប្រកួតថ្នាក់ជាតិ ឬក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏មានការប្រកួតលក្ខណៈអន្តរជាតិជាច្រើនទៀត នាថ្ងៃអនាគត ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕