សង្វៀនហង្សមាសផ្អាកការប្រកួត២សប្តាហ៍ ខណៈសង្វៀន៣ទៀតនៅប្រកួតជាធម្មតា

93

សង្វៀនប្រដាល់គុនខ្មែរចំនួន ៤ស្ថានីយ៍មាន បាយ័ន, CBS, ថោន និងហង្សមាស ដែលកំពុងដំណើរការប្រកួតនៅរៀងរាល់ចុងសប្តាហ៍ដែលសរុបមានរហូតដល់ ១៤ ទៅ ១៦លើក ចំណែកចំនួនកីឡាករមានប្រហែលរង្វង់ ១៦០នាក់ ដោយមិនទាន់រាប់បញ្ចូលគណៈកម្មការចៅក្រមអាជ្ញាកណ្តាលក្រុមបច្ចេកទេសក្រុមការងារខាងទូរទស្សន៍មួយចំនួនផ្សេងៗៗបន្ថែមទៀតផង។

គិតត្រឹមព្រឹកថ្ងៃទី១១ខែមិនាឆ្នាំ២០២១ប្រភពឲ្យដឹងថា៖ សង្វៀនចំនួន ៣មាន បាយ័ន, CBS និងថោង នៅត្រៀមប្រកួតជាធម្មតាប៉ុន្តែសង្វៀនហង្សមាសដែលបានចាប់ផ្តើមមុខរបរប្រកួតប្រដាល់ផ្សាយផ្ទាល់ក្រោយគេត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងជំហានដំបូងចំនួនពីរសប្តាហ៍សិនពោលពីថ្ងៃសៅរ៍ទី១៣មិនឆាឆ្នាំ២០២១នេះទៅ។កីឡាករចំនួន៤គូដែលត្រៀមសម្រាប់សប្តាហ៍ទី១០ត្រូវនឹងថ្ងៃសៅរ៍ទី១៣ខែមិនាឆ្នាំ២០២១ដែលត្រៀមចំនួន៤គូដើម្បីជម្រុះយកអ្នកឈ្នះចំនួន៤នាក់មានកីឡាករព្រឿងសុជាតិជាមួយថនភឿត,លាភសំណាងជាមួយពុតសំបូរ,ថាសារុនជាមួយភួងពិសិដ្ឋនិងអេអាមេរីនជាមួយទូចដេវីដដើម្បីបូកសរុបពិន្ទុក្នុងពូលដែលកាត់ត្រឹមចំនួនពីរនាក់ឈានទៅចាប់គូជាថ្មីក្នុងចំនួន៨នាក់ចុងក្រោយត្រូវបានផ្អាកហើយ។

តាមគម្រោងប្រកួតនៃសង្វៀនហង្សមាសគិតមកដល់ពេលនេះបានរៀបចំប្រកួតឈានមកដល់វគ្គជម្រុះសន្សំពិន្ទុក្នុងវគ្គកីឡាករ១៦នាក់ជម្រុះយក៨នាក់នៅមិនទាន់បញ្ចប់ផងប៉ុន្តែបញ្ហាផ្ទុះរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩នៅលើកស្ថានីយ៍ទូរទស្សន៍ដែលការប្រកួតកីឡាប្រដាល់គុនខ្មែរនិងកម្មវិធីដទៃមានសិល្បៈនានានៅទីតាំងតែមួយត្រូវបានផ្អាកនិងពន្យាពេលជាបណ្តោះអាសន្នដូចគ្នា។

លោករាជសុផែនអគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរដែលទទួលបន្ទុកបច្ចេកទេសប្រកួតនៅសង្វៀនថោនមិនអាចសុំការពន្យល់បានក្បោះក្បាយទេប៉ុន្តែលោកបានទទួលស្គាល់ថា៖សង្វៀនហង្សមាសពិតជាផ្អាកការប្រកួតចំនួនពីរសប្តាហ៍សិនមែន។ជាមួយគ្នានេះសមាសភាពអ្នកប្រដាល់ដែលត្រៀមការប្រកួតព្រមទាំងគណៈកម្មការបច្ចេកទេសគឺផ្អាកទាំងអស់គ្នាសិនខណៈដែលរូបមន្តប្រកួតបានឈានមកដល់វគ្គជម្រុះកីឡាករ១៦នាក់ជម្រើសយក៨នាក់នៅសល់មួយពូលចុងក្រោយនេះបានផ្អាកបណ្តោះអាសន្ន។បន្ថែមពីលើនេះកីឡាករគណៈកម្មការឬអ្នកចូលរួមប្រកួតកាលពីសប្តាហ៍មុននិងក្រុមសិល្បៈមានអ្នកខ្លះបានឆ្លងព្រមទាំងកំពុងជាប់ក្នុងចត្តាឡីស័ក្តមួយចំនួនហើយ។

លោកនិនវណ្ណាអ្នកកាន់កម្មវិធីប្រដាល់ប្រចាំសហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា៖គិតដល់ល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២១យើងនៅតែទទួលបានការប្រកួត៣ស្ថានីយ៍មានបាយ័នCBS និងថោងចំនែកសង្វៀនហង្សមានច្បាស់ថាមិនប្រកួតទេគឺសម្រាកពីរសប្តាហ៍សិនរងចាំបទបញ្ជាជាថ្មី។

លោកជួបវុត្ថាអ្នកផ្គូផ្គងប្រចាំសង្វៀនថោននិយាយថា៖សង្វៀនថោននៅតែត្រៀបប្រកួតដោយមិនទាន់មានដំណឹងអ្វីផ្អាកនៅឡើយ។លោកបន្តថា៖យើងក៍មិនប្រាកដច្បាស់ទេពីព្រោះបើមានបទបញ្ជាពីថ្នាក់លើកឬក្រសួងជំនាញឲ្យផ្អាកទោះបីជិតដល់ម៉ោងឬថ្លឹងទម្ងន់រួចក៍យើងគោរពតាមដែរ។
លោកវេជ្ជបណ្ឌិតម្នាក់ប្រចាំក្នុងកីឡាសុំមិនឲ្យបញ្ចេញឈ្មោះនិយាយថា៖ការប្រកួតកីឡាប្រដាល់នេះទោះបីកាត់បន្ថយចំនួនមនុស្សនិងសម្រិតសម្រាំងអនាម័យល្អយ៉ាងណាក៍មានហានិភ័យខ្ពស់ដែរពីបញ្ហាឆ្លងប្រសិនបើមាននរណាឬកីឡាករណាម្នាក់មានផ្ទុកកូវីដ១៩នឹងឆ្លងកាន់តែច្រើនគ្នា។ប្រភពដដែលបន្តថា៖ការប្រកួតនេះខ្ញុំសង្កេតឃើញថាបើកបិទៗជាច្រើនលើកប៉ុន្តែវាទាក់ទងទៅនឹងជីវភាពកីឡាករ,គណៈកម្មការនិងអ្នករៀបចំនិងជំនួញពាណិជ្ជកម្មហេតុនេះចំពោះខ្ញុំជាវេជ្ជបណ្ឌិតម្នាក់នៅតែព្រួយបារម្ភខ្លាំងពីការជួបជុំគ្នាក្នុងពេលប្រកួតនេះ៕

Loading...