
ភ្នំពេញៈ កីឡាករជើងចាស់ទម្ងន់ ៦៧គីឡូក្រាម ឆៃ សារ៉ា, មុត ខ្លឹមខ្មៅ, គឹមវាសនា និង មាស សុជាតិ នឹងប៉ះគ្នានៅលើសង្វៀនថោននៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីប្រជែងយកប្រាក់រង្វាន់ ៣លាន ៤សែនរៀល។
តាមរយៈបទពិសោធន៍ប្រកួតជាង ១០០លើក កីឡាករទាំង៤ កំពុងរំពឹងទទួលបានប្រាក់រង្វាន់រៀងៗខ្លួន។ ប៉ុន្ដែទោះបីជាយ៉ាងណា ក៏ឡាករ គឹម វាសនា មានបទពិសោធន៍លើសង្វៀនតិចជាងគេ គឺ ៧២ លើក ក៏មានអារម្ភភ័យខ្លះដែរ។
តាមការបង្ហាញរបស់អ្នករៀបចំការប្រកួតនេះ កីឡាករទាំង៤នឹងប៉ះគ្នាក្នុងកម្មវីធីម៉ារ៉ាតុង នាយប់ថ្ងៃអាទិត្យនៅសង្វៀនថោន។
កីឡាករ ឆៃ សារ៉ា និយាយថា ឧបសគ្គធំរបស់គេ គឺ មុត ខ្លឹមខ្មៅ និង គឹម វាសនា។ ប៉ុន្តែកីឡាករ មុត ខ្លឹមខ្មៅ វិញថា ឆៃ សារ៉ា មិនមែនជាបញ្ហាទេ គឺញញើត តែ គឹម វាសនា ទៅវិញទោះបទពិសោធន៍លើសង្វៀនតិចជាងគេក៏ដោយ។ ប៉ុន្ដែ មុត ខ្លឹមខ្មៅ បាន រំពឹង ការឈ្នះខ្ពស់ ពីព្រោះការហ្វឹកហាត់បានល្អ និងធ្លាប់ស្គាល់ពីកម្រិតបច្ចេកទេសរបស់ដៃគូទាំង ៣រួច ហើយ។
ចំណែក ឆៃ សារ៉ា ប្រាប់ថា ក្នុងចំណោមកីឡាករទាំង ៣នាក់នេះ កីឡាករដែលលំបាកឈ្នះនោះមាន គឹម វាសនា និង មុត ខ្លឹមខ្មៅ។ ចំណែកកីឡាករ មាស សុជាតិ មិនជាឧបសគ្គធំក្នុងការយកឈ្នះឡើយ។
ឆៃ សារ៉ា ប្រាប់ថា៖«កាលមុនខ្ញុំធ្លាប់ឈ្នះប្រាក់ពីកម្មវិធីនេះម្តងបន្ទាប់ពីឈ្នះ កែវ សំរិទ្ធ នៅវគ្គជម្រុះ និងឈ្នះ គឹម វាសនា នៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំធ្លាប់ឈ្នះ គឹម វាសនា ក្នុងលក្ខណៈលំបាកតឹងតែងណាស់ចំណែកកីឡាករ មុត ខ្លឹមខ្មៅ ធ្លាប់ប៉ះគ្នាចំនួន ៥ លើកចាញ់៣ ឈ្នះ២ លើកសុទ្ធបែកឈាមទាំងអស់។ ប៉ុន្ដែទោះជាឧបសគ្គធំយ៉ាងណាក្តីតាមការប្រឹងប្រែងហ្វឹកហាត់និងតាំងចិត្តប្រកួត ខ្ញុំរំពឹងយកឈ្នះពួកគេបាន ៦០ភាគរយ»។
មុត ខ្លឹមខ្មៅ ប្រាប់ថា៖«ខ្ញុំមានសង្ឃឹមឈ្នះ ៨០ភាគរយ។ ក្នុងចំណោមពួកគេ ៣នាក់នេះ កីឡាករ មាស សុជាតិ អាចស៊ីផុយ ព្រោះធ្លាប់ប្រកួតជាមួយចំនួន ២លើក ខ្ញុំវ៉ៃឲ្យសន្លប់ទាំង២លើក។ កីឡាករ ឆៃ សារ៉ា ខ្ញុំជួបប្រកួត ៥លើកឈ្នះ ៣ លើកចាញ់ ២លើក និងកីឡាករ គឹម វាសនា ខ្ញុំវ៉ៃឈ្នះ ១លើកចាញ់ ២លើក»។
ខ្លឹមខ្មៅ បញ្ជាក់ថា ឧបសគ្គធំសម្រាប់គេមិនមែន មាស សុជាតិ និង ឆៃ សារ៉ា ទេប៉ុន្ដែគឺ គឹម វាសនា នេះតែម្តង។ ចំណែក គឹម វាសនា ដែលដៃគូខាងលើសុទ្ធតែញញើតនោះ គឺមិនបញ្ចេញទស្សនៈអ្វីឡើយដោយគេនិយាយខ្លីថា៖«ខ្ញុំមិនហ៊ានទស្សន៍ទាយទេ។ ប៉ុន្តែធានាវ៉ៃឲ្យអស់ពីលទ្ធភាពនិងចង់ឈ្នះរង្វាន់ដូចគ្នា»។
លោក ជួប វុត្ថា អ្នកគ្រប់គ្រងនិងសម្របសម្រួលកីឡាករប្រកួតប្រចាំសង្វៀនថោនឲ្យដឹងថាសមាសភាពអ្នកប្រដាល់ទាំង ៤នេះពិតជាមានសមត្ថភាពប្រហាក់ប្រហែលគ្នាហើយលទ្ធផលនៃការប្រកួតពិតជាលំបាកព្យាករថានរណាមានប្រៀបជាងនោះណាស់គឺអាស្រ័យនៅលើសង្វៀនផ្ទាល់តែម្តងនៅយប់ថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកាឆ្នាំ២០២០នេះតែម្តង៕