អង់គ្លេស៖ អតីតកីឡាករបាល់ឱបជម្រើសជាតិអង់គ្លេស James Haskell បានក្លាយជាកីឡាករគុនចម្រុះ (MMA) ក្រោយចុះកុងត្រាកិច្ចព្រមព្រៀងជាមួយក្រុមសមាគមគុនចម្រុះ Bellator MMA ក្រោយចូលនិវត្តន៍ពីកីឡាបាល់ឱបកាលពីខែឧសភាកន្លងទៅ។
បុរសវ័យ ៣៤ ឆ្នាំ រូបនេះ ជាអតីតកីឡាករបាល់ឱបអាជីពរបស់ក្លិប Wasps និង Northampton Saints បានបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិអង់គ្លេសបាន ៧៧លើក។ Haskell ធ្លាប់បានហ្វឹកហាត់រគុនចម្រុះនេះជាមួយកីឡាករ MMA អង់គ្លេស Michael Venom Page និងធ្លាប់ធ្វើការជាអ្នកវិភាគក្នុងព្រឹត្តិការណ៍ MMA តាមទូរទស្សន៍ផ្សេងៗផងដែរ។
រំលឹកថា Haskell ធ្លាប់ជាសមាជិកក្រុមជំរើសជាតិអង់គ្លេសបង្ហាញខ្លួននៅ World Cup Rugby ពីរលើក និងឈ្នះជើងឯក Six Nations បីលើកផងដែរ បូករួមទាំង Grand Slam នៅឆ្នាំ២០១៦។ តែដោយសាររបួសកជើង និងប្រអប់ជើងធ្វើអោយ James Haskell បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពដែលខ្លួនបានចំណាយពេល ១៧ឆ្នាំនេះ៕