សហព័ន្ធបាល់ទាត់ ប្រកាសដំណើរព្រឹត្តិការណ៍ការប្រកួតចំនួន ៤ ឡើងវិញ

74

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១នេះ ស្តីពីការដំណើរការឡើងវិញនូវការប្រកួតកីឡាបាល់ទាត់ចំនួន៤ព្រឹត្តិការណ៍ផ្សេងគ្នា។

ព្រឹត្តិការណ៍ប្រកួតចំនួន ៤នេះ រួមមាន៖ ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី, ជម្រើសជើងឯកជាតិលីគ២, ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ និងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ ដោយការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១, ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១, ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ និងការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ការប្រកួតឡើងវិញនេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគន៍ ២៨វិច្ឆិកា កាលពីពេលកន្លងទៅថ្មីៗនេះ ហើយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ក៏បានចេញលិខិតផ្លូវការមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុ​ញ្ញាត​ឱ្យមានដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ ការលេងកីឡា ការប្រកួតកីឡានានាឡើងវិញ។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ទាំងនេះ ក៏ដូចជាការប្រកួតកីឡាផ្សេងៗទៀត រួមទាំងការហ្វឹកហាត់​របស់កីឡាករ កីឡាការិនីជម្រើសជាតិត្រូវបានផ្អាកការប្រមូលផ្តុំជាច្រើនលើកច្រើនសារ ដោយសារវិបត្តិជំងឺ​កូវីដ-១៩៕

Loading...