Devid De Gea កំពូលអ្នកជួយសង្គ្រោះបាល់ក្នុងជំនួបរវាងMan Utd និងSpurs នៅយប់មិញ

409

ក្រុមភ្ញៀវបីសាចក្រហម Manchester United បានឈ្នះក្រុមម្ចាស់ផ្ទះ មាន់ខ្នាយមាស Spurs ក្នុងលទ្ធផល ១-0 នៅយប់មិញនេះ។ លទ្ធផលនេះ បង្ហាញឲ្យឃើញថា គ្រូបង្វឹកថ្មីរបស់ Manchester United គឺលោក Ole Gunnar Solskjaer ពិតជាមានសមត្ថភាពដឹកនាំក្រុមបីសាចក្រហមជាងលោក José Mourinho ។

៣ពិន្ទុរបស់ក្រុមបីសាចក្រហមនៅយប់មិញនេះ រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នៅក្នុងតង់ទីមួយ។ ទោះបីជាបែបនេះក្តី អ្វីដែលគួរឲ្យកត់សម្គាល់ គឺអ្នកចាំទីដៃស្អិត David de Gea បានក្លាយជា Man of the match ដោយអ្នកចាំទីរូបនេះ បានជួយសង្រ្គោះបាល់មិនតិចជាង១១លើកពីការស៊ុតរបស់ក្រុមមាន់ខ្នាយមាស Spurs នោះឡើយ។ ភាគច្រើននៃការជួយសង្រ្គោះនេះ គឺសុទ្ធតែជាការស៊ុតបាល់ល្អៗដែលគេស្ទើរគ្រប់គ្នាគិតថា នឹងបំប៉ោងសំណាញ់ទីបាត់ទៅហើយនោះ។

ត្បិតថា បានជួយរារាំងគ្រាប់បាល់មិនឲ្យចូលសំណាញ់ទីក៏ពិតមែន ប៉ុន្តែ David de Gea មិនបានបង្ហាញពីមោទនភាពខ្លាំង និងការអួតក្អេងក្អាងនោះឡើយ។ ផ្តល់សម្ភាសន៍ជាមួយអ្នកកាសែតក្រោយបញ្ចប់ការប្រកួត David de Gea បានលើកឡើងថា ជ័យជំនះនៅពេលនេះ មិនមែនដោយសារតែរូបគេម្នាក់ទេ គឺដោយសារតែក្រុមទាំងមូល។ David de Gea បន្តថា អ្នកទាំងអស់គ្នា គឺជាផ្នែកសំខាន់នៃជ័យជំនះនេះ៕

Loading...