ភ្នំពេញៈ អ្នក ប្រដាល់ កុន ខ្មែរ វ័យ ក្មេង ឡៅ ចិត្រា បានចេញ មក បញ្ជាក់ ថា គេ មិន មាន បញ្ហា អ្វីនោះទេ ចំពោះ គ្រោះ ថ្នាក់ ចរាចរណ៍ ដួល ម៉ូតូ កាល ពី ថ្ងៃ អាទិត្យ ទី ៣ ខែ កុម្ភៈ កន្លង ទៅ ថ្មីៗនេះ ខណៈ កីឡាកររូបនេះ សល់ ពេល មិនដល់ ១០ថ្ងៃទៀត ផង គឺ ត្រូវ ឡើង ប្រកួត លើ សង្វៀន អន្ដរជាតិ ONE Championship នៅថៃ ទៅហើយនោះ។
ចិត្រា បាន ឲ្យ ដឹង ថា ករណី គ្រោះ ថ្នាក់ ចរាចរណ៍ នេះ កើត ឡើង ខណៈរូបគេ បាន ជិះ ម៉ូតូ ទៅ ចូល រួម ពិធី ថ្លឹង ទម្ងន់ នៅ ពហុកីឡដ្ឋាន ជាតិ ដើម្បី ត្រៀម ខ្លួន ប្រកួត ប៉ុន្តែ សំណាង មិន ល្អ ក៏ បាន ដួល ម៉ូតូ ដោយ សារ មាន គេ ជិះ ទៅ ប៉ះ ចង្កូត រហូត លុប ចោល ការ ប្រកួតមួយ ដែល ត្រូវ ប៉ះជាមួយ កីឡាករ ចាន់ ស៊ីណាត់ ក្នុង ថ្ងៃដដែល នោះ ។
ចិត្រា រៀបរាប់ ថា ៖«ពេល នោះ ខ្ញុំ កំពុង ជិះ ម៉ូតូ នៅ លើ ផ្លូវ វេង ស្រេង ក៏ មាន ម៉ូតូ មួយ ជិះ ជៀស ឡាន ហើយ មក បុក ខ្ញុំ តែ ម្តង។ ករណី នេះ ខ្ញុំ អត់ អីទេ គ្រាន់ តែ មាន របួស រលាត់ សើ ស្បែក តិច តួច ប៉ុណ្ណោះ គ្រាន់ តែ លាង របួស អស់ អី ហើយ។ ខ្ញុំ ទៅ ហាត់ ធម្មតា ព្រោះ របួស វា អត់ ធ្ងន់ ផង»។

រូប ភាព ប៉ុន្មាន សន្លឹក ដែល បង្ហាញ ពី របួស ស្នាម រលាត់ ស្បែក ហើយ ភ្លាម ៗ ឃើញ មាន បណ្ដាញ ព័ត៌មាន និង បណ្ដាញ សង្គម ជា ច្រើន បាន យក ទៅ ចែក រំលែក ជា ច្រើន ប៉ុន្តែ តាម សំដី របស់ ចិត្រា វិញ ប្រាប់ ឲ្យ ដឹង ថា ៖« វា មិន មាន អ្វី ធ្ងន់ធ្ងរ ដូច អ្វី ដែល គេ និយាយ ទេ»។
គួរ បញ្ជាក់ថា អ្នក លេង គុន ខ្មែរវ័យ ក្មេង រូបនេះ នឹង ត្រូវ ឡើង ប្រកួត នៅ សង្វៀន ធំ ONE Championship Super Series ថ្ងៃ ទី ១៦ ខែ កុម្ភៈ នៅ ទី ក្រុង បាងកក ដែល ត្រូវ ប៉ះ នឹង កីឡាករ ម្ចាស់ ផ្ទះ ថៃ Superlek Kiatmoo9 ដែល ជា ម្ចាស់ ខ្សែ ក្រវាត់ Lumpinee Stadium World Champion ២ សម័យ កាល ផងដែរ ៕