ម៉ាឡេស៊ី៖ នៅយប់មិញនេះ ក្រុម PKNS របស់កីឡាករឆ្នើមកម្ពុជាចាន់ វឌ្ឈនាកាបានយកឈ្នះ ក្រុម Melaka ៣-២ ក្នុងពានរង្វាន់ Malaysia FA Cup។ ៣គ្រាប់របស់ក្រុម PKNS ក៏រកបានមួយគ្រាប់ដោយកីឡាករចាន់ វឌ្ឍនាការបស់កម្ពុជាផងដែរ។
សម្រាប់កីឡាករចាន់ វឌ្ឍនាកា មួយគ្រាប់នៅយប់មិញនេះ គឺជាកម្លាំងជំរុញទឹកចិត្តឱ្យគេខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ក្រុមរបស់គេនៅលីគកំពូលម៉ាឡេស៊ី។ កីឡាកររូបនេះបញ្ជាក់ប្រាប់វេបសាយគណៈកម្មការប្រកួតបាលទាត់ជាតិកម្ពុជាយ៉ាងដូច្នេះថា៖ «វាជាក្ដីរីករាយមួយសម្រាប់ខ្ញុំ ដែលបានទាត់បញ្ចូលទី និងជួយក្រុមទៅវគ្គបន្ត។ គ្រាប់បាល់នេះ ជាកម្លាំងជំរុញមួយបន្ថែមទៀត ឲ្យខ្ញុំកាន់តែអារម្មណ៍ស្រស់ថ្លា ហើយផ្ដោតលើការធ្វើការឲ្យបានល្អក្នុងក្រុម។ ខ្ញុំសូមអរគុណដល់លោកគ្រូ Rajagopal មិត្តរួមក្រុម រួមនិងអ្នកគាំទ្រ PKNS ពិសេសអ្នកគាំទ្រខ្ញុំនៅកម្ពុជាទាំងអស់ ដែលតែងផ្ដល់កម្លាំងចិត្ត និងពាក្យដាស់តឿនល្អៗដល់ខ្ញុំ»។
ជាមួយគ្នានេះ កីឡាករឆ្នើមចាន់ វឌ្ឍនាកា ក៏បានលើកឡើងផងដែរថា ការរកបានគ្រាប់បាល់របស់គេនេះ គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់ដំណើរផ្លូវដ៏វែងឆ្ងាយ និងសម្បូរដោយឧបសគ្គ។ បើទោះជាបែបនេះក្តី ចាន់ វឌ្ឍនាកា បានបង្ហាញការតាំងចិត្តថា នឹងធ្វើឱ្យបានកាន់តែប្រសើរពីមួយប្រកួតទៅមួយប្រកួត ដើម្បីរក្សា និងពង្រីកកិត្តិនាមរបស់ខ្លួនក្នុងកម្រិតអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់វេបសាយគណៈកម្មការប្រកួតបាលទាត់ជាតិកម្ពុជា។
សូមជម្រាបថា កីឡាករចាន់ វឌ្ឍនាកា រកគ្រាប់បាល់បានពីរគ្រាប់ហើយនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីគេបានផ្លាស់ទៅលេងឱ្យក្លិប PKNS។ កីឡាកររូបនេះ បានទាត់ចូលគ្រាប់ទី១ នៅក្នុងក្របខណ្ឌ Malaysia Super League និង បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៣លើកថែមទៀត។ ចំណែក នៅយប់មិញនេះ គឺជាគ្រាប់បាល់ដំបូងនៅក្នុងក្របខណ្ឌ Malaysia FA Cup និង បានជួយក្រុមPKNS ឡើងទៅវគ្គ១/៨ក្រុម៕
ទស្សនាវីដេអូខាងក្រោម៖