CAMSOC ប្រជុំចង្អៀតពិភាក្សាពីបច្ចេកទេសវប្បធម៌ ត្រៀមពិធីបើក-បិទ SEA Games 2023

74

ភ្នំពេញ៖ ដោយអនុវត្តនូវវិធានក្រសួងសុខាភិបាល ក៏ដូចជារក្សានូវនិរន្ដរភាពការងារប្រចាំសប្ដាហ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាពីបច្ចេកទេសផ្នែកវប្បធម៌ ក្នុងការត្រៀមបង្ហាញនូវទស្សនីយភាពមួយដ៏អស្ចារ្យ នៅក្នុងពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីលោក ព្រឿង ឈាង និងលោក ម៉ោង កេង ជាសមាជិក និងជាព្រឹទ្ធាចារ្យផ្នែកវប្បធម៌ផងដែរ មុននឹងធ្វើការងារនេះ ជាមួយភាគីចិន ដែលទទួលបានសិទ្ធិភាពជាដៃគូ និងកិច្ចសហការជាមួយភាគីកម្ពុជា ក្នុងការរៀបចំពិធីបើក-បិទស៊ីហ្គេម ស្របពេលអ្នកជំនាញចិន គ្រោងនឹងមកកម្ពុជានាខែធ្នូខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «នេះជាកិច្ចប្រជុំចង្អៀតជាលក្ខណៈបច្ចេកទេស ជាមួយលោកគ្រូព្រឹទ្ធាចារ្យវប្បធម៌ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងនូវរបៀប ឬនីតិវិធីសេនារីយ៉ូ ឬការបង្ហាញនូវទស្សនីយភាពសម្រាប់ត្រៀមពិធីបើក-បិទ ក៏ដូចជាត្រៀមទទួលប្រតិភូចិន ដែលមកឆាប់ៗ អាចខែធ្នូនេះ ដើម្បីធ្វើការជាមួយគ្នា និងបន្ស៊ីគ្នារវាងវប្បធម៌យើង និងរវាងបច្ចេកវិទ្យាទំនើប ពីព្រោះថា តាមការអនុម័តក្នុងអង្គប្រជុំប្រចាំត្រីមាសទី៣ CAMSOC បានឯកភាពឲ្យគណៈកម្មការរៀបចំពិធីបើក-បិទ ផ្ដល់សិទ្ធិឲ្យភាគីចិនម្ខាងទៀត ក្នុងការជួយរៀបចំពិធីបើក-បិទរួចហើយ ចឹងយើងក៏ត្រៀមលក្ខណៈបច្ចេកទេសឲ្យហើយដែរ»។

លើសពីនេះ លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ពីការត្រៀមរៀបចំកម្មវិធី មុនពិធីបើកផ្លូវការរយៈពេល ១ម៉ោង ឬ ២ម៉ោង ត្រូវមានការបង្ហាញទស្សនីភាព ការសម្ដែង ប្រគំតន្ដ្រីខ្នាតយក្ស និងកម្មវិធីជាច្រើនទៀត ជូនមហាជន ប្រតិភូ ភ្ញៀវជាតិ-អន្ដរជាតិឲ្យមានភាពសប្បាយរីករាយ និងត្រៀមអបអរពិធីដ៏អស្ចារ្យនេះ។ ដូច្នេះអង្គប្រជុំបានសិក្សាលើព្រឹត្តិការណ៍ជាច្រើន ទាំងអូឡាំពិកហ្គេម អាស៊ីហ្គេម និងស៊ីហ្គេមជាដើម ដើម្បីដកពិសោធ ឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា «យើងនឹងធ្វើឲ្យពិធីបើក-បិទរបស់យើងហ្នឹងផ្ទុះឡើង ដោយភាពអស្ចារ្យមួយ ដែលបណ្តាប្រទេសទាំងអស់ ធ្លាប់ធ្វើស៊ីហ្គេមពីមុនៗមកហ្នឹង មិនដែលឃើញនូវភាពស៊ីជម្រៅ នៃមូលដ្ឋានគ្រឹះ នៃវប្បធម៌អរិយធម៌ខ្មែរយើងដ៏រឹងមាំ ដ៏អស្ចារ្យ និងដ៏ចំណាស់បំផុតនេះ ជីកកកាយឲ្យគេកាន់តែឃើញ តាមរយៈការផ្សព្វផ្សាយទូទាំងពិភពលោក ក្នុងតំបន់អាស៊ី អាស៊ាន និងប្រទេសកម្ពុជាយើងផងដែរ»។ ដូច្នេះក្រោយធ្វើការបន្ស៊ីគ្នារវាងអ្នកជំនាញវប្បធម៌កម្ពុជា និងភាគីចិន គណៈកម្មការរៀបចំពិធីបើក-បិទ នឹងចាប់ផ្ដើមយុទ្ធនាការហាត់សម នាអំឡុងពាក់កណ្ដាលឆ្នាំ២០២១ ដែលត្រូវការអ្នកស្ម័គ្រចិត្តចូលរួមខ្ទង់ ១ម៉ឺននាក់ឯណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្ពុជាសល់ពេលតែ ៨៩៩ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ហេតុនេះ ទោះបីពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខជាមួយវិបត្តិកូវីដ-១៩ យ៉ាងណា តែគណៈកម្មាធិការជាតិ CAMSOC ក្រោមការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាល នៅតែបន្ដសកម្មភាព និងដំណើរការដោយស្វាហាប់ ដើម្បីឆ្ពោះទៅស្វែងរកឧត្តមភាព និងជោគជ័យនៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង នាឆ្នាំ២០២៣៕

Loading...