
ភ្នំពេញ៖ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ នារសៀលថ្ងៃអាទិត្យម្សិលមិញនេះហើយ ក្រោយបញ្ចប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៅប្រទេសប៊ុលហ្គារី កាលពីពេលថ្មីៗដោយជោគជ័យ និងបានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជាលើកដំបូងដោយឈ្នះមេដាយមាស ១គ្រឿង អមដោយមេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង។
សូមរំឭកថា ការប្រកួតជើងឯកពិភពលោកខាងលើ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិក ២៣នាក់ ទៅចូលរួម ខណៈព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមសរុប ៧៤ប្រទេស ស្មើនឹងកីឡាករ-កីឡាការិនី ១,៤១២នាក់ ដែលប្រកួតលើ ១០០វិញ្ញាសា ចាប់ពីថ្ងៃទី២៤-៣០ ខែសីហាកន្លងទៅ នៅប្រទេសប៊ុលហ្គារី។

ជាលទ្ធផលអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ១គ្រឿង ដណ្ដើមបានដោយកីឡាករ ប៉ាល់ ជីវ័ន លើវិញ្ញាសាសម្ដែងមេគុនឯកត្តជនកម្រិត ៥ដាន់។ ចំណែកមេដាយប្រាក់ ២ គ្រឿង ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៤៥គីឡូក្រាម ដោយកីឡាករ បួនចាន់ ថារ៉ាត់ និងវិញ្ញាសាសម្ដែងពិសេស ៦នាក់ (កីឡាករ ប៉ាល់ ជីវ័ន, តាំង សៀសុង, ស៊ុ គង់ហេង, ឃឿន ប៊ុនលាង, ឃឿន ប៊ុនឡុង និង នេត ហាក់លី) ។ រីឯមេដាយសំរឹទ្ធ ២ គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងបុរសជាក្រុម ៤នាក់(កីឡាករ ម៉េត សុខមាន, សុភ័ក្ដ្រ ចន្ទឧត្តម, បួនចាន់ ថារ៉ាត់ និង វឿង វណ្ណៈ) និងវិញ្ញាសាបំបែកក្ដារក្រុមអាយុ ៤០ ដល់ ៤៩ឆ្នាំឯកត្តជន៕