សហព័ន្ធកីឡាទូកក្តោងកម្ពុជា បើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួត

95

សហព័ន្ធកីឡាទូកក្តោងកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ក្រោមការដឹកនាំរបស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោង នៅសណ្ឋាគារថ្ងៃបាំងឆ័ត្រ ខេត្តកែប ដោយវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០២០។

ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដោយក្នុងនោះនឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកមួយដែលមានប្រជាប្រិយភាពនៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក និងមានប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិច ៨ ប្រទេសចូលរួម។

ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយមន្ទីរអប់រំខេត្តកែប បើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងជាលើកដំបូងនៅខេត្តកែប ដើម្បីឱ្យកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តីបច្ចេកទេសរៀបចំការប្រកួតនៅថ្ងៃអនាគតកាន់តែច្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជនបានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ។

មន្រ្តីបច្ចេកទេសសម្រាប់រៀបចំការប្រកួត គឺពិតជាមានសារៈសំខាន់ណាស់លើការរៀបចំការប្រកួតយ៉ាងណាឱ្យមានគុណភាព និងស្របតាមច្បាប់ដែលសហព័ន្ធអន្តរជាតិបានកំណត់ រួមទាំងមានតម្លាភាពក្នុងការប្រកួតដល់កីឡាករដែលចូលរួមគ្រប់រូប។

វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះ ដោយផ្តោតទៅលើទ្រឹស្តី និងការអនុវត្តជាក់ស្តែង៖

ទ្រឹស្តី៖ ប្រវត្តិនៃកីឡាទូកក្តោង សម្ភារប្រើប្រាស់សម្រាប់រៀបចំការប្រកួត ក្បួនខ្នាតនៃទីលានប្រកួត ការប្រើប្រាស់សញ្ញាផ្សេងៗ និងបទប្បញ្ញាត្តិនៃការប្រកួត។

ការអនុវត្ត៖ អនុវត្តផ្ទាល់ដោយរៀបចំជាការប្រកួតមួយ និងមានការពន្យល់ផ្ទាល់នៅលើទឹក។

សូមជម្រាបថា សិក្ខាកាមទាំងអស់មកពី ៣ ស្ថាប័ន មានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ២០នាក់ ក្លឹបកីឡាទូកក្តោងកែប ២នាក់ ក្លឹបកីឡាទូកក្តោងតារាសាគរ ២នាក់ សរុបចំនួន ២៤នាក់ (នារី ២នាក់)៕

Loading...