កីឡាករ​ម៉ូតូ​ទឹក​កម្ពុជាកំពុង​ខិតខំ​ហ្វឹកហាត់​ដើម្បី​ចូលរួម​ប្រកួតកម្រិតពិភពលោកនា​ខែក្រោយ​

99

កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា សាលី អ៊ូ​មើ​ត បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ប្រែ​ងហ្វឹកហាត់​ជាខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក Jet Ski World Series 2021-2022 ដែល​គ្រោង​ចាប់ផ្ដើម​នា​ចុងខែ​កក្កដា​ខាងមុខ ខណៈ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះនឹងធ្វើ​ការប្រកួត ៣​ជុំនៅ​ទ្វីប​ចំនួន ៣ ដើម្បី​កាត់សេចក្ដី​រក​ជើងឯក។​

ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ឆ្នាំ​២០១៨ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ Jet Ski World Series 2021-2022 នឹង​ធ្វើ​ការប្រកួត ៣​ជុំ​ដោយ​ផ្ដើម​ពី​តំបន់​អឺរ៉ុបដែល​ប្រទេស​ប៉ូឡូញ​ទទួល​បាន​សិទ្ធ​ម្ចាស់​ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ជុំ​ទី​២ នឹង​ប្រកួត​នៅ​សហរដ្ឋអាមេរិកចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាត់សេចក្ដី​នឹង​ប្រកួត​នា​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២។​ ​អ៊ូ​មើ​ត បន្ដ​ថា ការប្រកួត​នេះ​ដូចគ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​ពិភពលោក​ កាលពី​ខែ​មេសា​កន្លងទៅ​នៅ​ប្រទេស​ថៃ​ដែរ តែ​ការប្រកួត​ដែល​ពន្យារពេល​ពី​ឆ្នាំ​២០២០ មក​នោះ​ធ្វើឡើង​តែ ១​ជុំ​ប៉ុណ្ណោះដោយ​សារ​វិបត្តិ​កូ​វីដ​-១៩។ ប៉ុន្តែ​ឆ្នាំនេះ​នឹង​មាន​ការប្រកួតប្រជែង​ខ្លាំង ដ្បិត​ត្រូវ​ធ្វើ​ឡើង ៣​ទ្វីប​ដែល​ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង តែ អ៊ូ​មើ​ត បាន​ប្ដេជ្ញា​នឹង​ព្យាយាម​ហ្វឹកហាត់ ពិសេស​ហាត់​សមជា​មួយ​ម៉ូតូ​ថ្មី​របស់​ខ្លួនដើម្បី​ដណ្ដើម​លទ្ធផល​ល្អ​ជូន​កម្ពុជា និង​ក្លិប​របស់​ខ្លួន​នៅ​ប្រទេស​ថៃ។កីឡាករ​ខ្មែរឥស្លាម សាលី អ៊ូ​មើ​ត នឹង​បន្ដ​ធ្វើ​ការប្រកួត​លើ​វិញ្ញាសា​ស្គី​ឈរ ឬ Ski GP ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ បន្ទាប់ពី​រូបគេ​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រក្នុងនាម​កីឡាករ​អាស៊ី​ដំបូង​គេ ដែល​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៤ ក៏ដូចជា​ចំណាត់ថ្នាក់ Top-10 ក្នុង​ការ​ប្រកួត Jet Ski World Series 2020-2021 នៅ​ប្រទេស​ថៃ កាលពី​ខែមេសា​កន្លងទៅ៕

Loading...