សមាគមសណ្ឋាគារកម្ពុជា អាចជាដៃគូដ៏ល្អរបស់ក្រសួងសុខាភិបាលពិសេសក្នុងបរិបទកូវីដ១៩នេះ។ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកក្រុមប្រឹក្សាភិបាលសមាគមសណ្ឋាគារកម្ពុជាថ្នាក់ជាតិ និងតំបន់ មកពី…និងសមាជិកមួយចំនួន បានចូលសម្តែងការគួរសមធ្វើបទបង្ហាញពីស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ពិសេសផ្នែកសណ្ឋាគារ ដែលរងផលប៉ះពាល់ខ្លាំងជាគេ។
សមាជិករបស់សមាគមសណ្ឋាគារកម្ពុជា មួយចំនួនបានបិទទ្វារសណ្ឋាគារបណ្តោះអាសន្ន និងមួយចំនួនទៀតបានបិទទ្វារជារៀងរហូត ដោយសារមិនមានភ្ញៀវទេសចរ ពិសេសក្រៅស្រុក និងខ្វះសាច់ប្រាក់ដើម្បីបង្វិល ព្រោះស្ថានភាពវឹកវរនេះអូសបន្លាយពេលយូរជាងការរំពឹងទុកពីដំបូង។
ក្រសួងសុខាភិបាល បានសម្តែងការពេញចិត្ត និងចាប់យកសមាគមសណ្ឋាគារកម្ពុជា ជាដៃគូ ព្រោះថាកាលពីកន្លង ក្រសួងពិបាកខ្លាំងណាស់ ដើម្បីស្វែងរកសណ្ឋាគារដែលស្ម័គ្រចិត្តធ្វើជាទីតាំងផ្តល់បន្ទប់ស្នាក់នៅដល់ភ្ញៀវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ តម្លៃបន្ទប់ត្រូវកំណត់ដោយក្រសួងសុខាភិបាលដែលមានចន្លោះចាប់ពី ៦០ដុល្លា ទៅ៧៥ដុល្លាក្នុង១យប់។
ក្រសួងសុខាភិបាលជាអ្នកសំរបសំរួលក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវតាំងពីព្រលានយន្តហោះដល់ចប់ចត្តាឡីស័ក ១៤ថ្ងៃ ដោយសហការជាមួយសណ្ឋាគារ នគរបាលសន្តិសុខ និងគ្រូពេទ្យ។ សមាគមសណ្ឋាគារកម្ពុជាមានសមាជិកមួយចំនួនហើយដែលធ្វើជាសណ្ឋាគារទទួលភ្ញៀវចត្តាឡីស័កអោយស្នាក់នៅ។
ក្រោមការណែនាំរបស់មន្ត្រីក្រសួងសុខាភិបាល ដែលបានស្នើសុំអោយសណ្ឋាគារទាំងនេះ ជួយពន្យល់ណែនាំដល់សមាជិកដទៃទៀតដែលចង់ធ្វើជាអូរតែលទទួលភ្ញៀវចត្តាឡីស័កក្នុងពេលខាងមុខ។
ទាំងក្រសួងសុខាភិបាល ទាំងសមាគមសណ្ឋាគារកម្ពុជាបានអង្កេតឃើញថាភ្ញៀវធ្វើដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែមករាឆ្នាំ២០២១ បានធ្លាក់ចុះពាក់កណ្តាលបើប្រៀបធៀបនឹងចំនួនភ្ញៀវដែលចូលមកក្នុងខែធ្នូ ឆ្នាំ២០២០។ អញ្ចឹងទាំងសណ្ឋាគារទទួលភ្ញៀវធ្វើចត្តាឡីស័ក ទាំងសណ្ឋាគារទទួលភ្ញៀវទូទៅ មានការទទួលរងផលប៉ះពាល់ខ្លាំង ដោយចំនួនភ្ញៀវធ្លាក់ចុះយ៉ាងខ្លាំង។ ក្រសួងសុខាភិបាលនឹងផ្តល់ពត៌មានផ្ទាល់ដល់សមាគមដើម្បីសមាគមផ្សព្វផ្សាយបន្តទៅសមាជិកសមាជិកាទាំងអស់។