កីឡាគុនល្បុក្កតោកម្ពុជា ជ្រើសយកការហ្វឹកហាត់បោះជំរំ

716

ដើម្បីឆ្លើយតបទៅនឹងការប្រមូលផ្តុំហ្វឹកហាត់រួមជួបបញ្ហាប្រឈមទៅនឹងជម្ងឺឆ្លងកូវិដ-១៩ និងដើម្បីសម្រេចគោលដៅឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ជម្រើសថ្មីរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសម្រេចជ្រើសយកការហ្វឹកហាត់បោះជំរំនៅខេត្តព្រះសីហនុដើម្បីពង្រឹងសមត្ថភាពអត្តពលិកហ្វឹកហាត់គុនល្បុក្កតោជម្រើសជាតិឲ្យបានល្អ។

ជម្រើសជាតិទាំងឈុត ៨នាក់ និងឈុតថ្នាល ១២នាក់ ព្រមទាំងគ្រូជម្រើសជាតិ ៤នាក់បានចេញទៅដល់ក្រុងព្រះសីហនុហើយកាលពីព្រឹកម្សិលមិញ។ ការធ្វើបែបនេះដើម្បីពង្រឹងសមត្ថភាពទៅលើវិញ្ញាសានិមួយៗពិសេសវិញ្ញាសាប្រកួតសម្តែងជាក្រុមមិនអាចហាត់ដាច់ដោយលែកបាន។

ការហ្វឹកហាត់ជាលក្ខណប្រមូលផ្តុំនេះត្រូវបានលោកអគ្គលេខាធិការអ៊ូតារាអះអាងថាធ្វើតាមការនែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាដើម្បី រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយមិនអត្តញាត់ឲ្យគ្រូបង្វឹកនិងអត្តពលិកចេញជួបអ្នកក្រៅដទៃនោះឡើយ។បន្ថែមពីលើនេះទីតាំងបោះជំរំត្រូវបានធ្វើឡើងឆ្ងាយពីមហាជនក្នុងបរិយាកាសខ្យល់បរិសុទ្ធល្អ។ ការសម្រេចប្រមូលផ្តុំហ្វឹកហាត់នេះត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ននិងរក្សាអនាម័យតាមការណែនាំ។

លោក អ៊ូ តារា ដែលដឹកនាំគ្រប់គ្រងបេសកកម្មនេះបាននិយាយថា ប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ ដែលត្រូវធ្វើបន្ត ព្រោះល្បុក្កតោ គឺជាអត្តសញ្ញាណជាតិ ព្រលឹងជាតិទាំងមូល ពិសេសកម្ពុជា គឺជាម្ចាស់ដើមនៃក្បាច់គុននេះ និងជាប្រភេទកីឡាប្រពៃណីដែលយើងបានដាក់គោលដៅជាតិខ្មែរផងដែរ ហេតុនេះនៅស៊ីហ្គេមឆ្នាំ ២០២៣ យើងមិនអាចមានចំណាត់ថ្នាក់ក្រោមប្រទេសដទៃនៅក្នុងតំបន់អាស៊ានបាននោះឡើយ»។

Loading...