លោក ភា សុភ័ត្ត្រា គ្រូបង្គោលក្រុមបាល់ទាត់ Cambodia All Stars និងសមាជិកកូនក្រុម សឿយ វិសាល បានលើកឡើងដូចគ្នាថា Cambodia All Stars នឹងដណ្ដើមជ័យជម្នះពីក្លឹបបាល់ទាត់ថៃ SCG Muang Thong United សម្រាប់ការប្រកួតសប្បុរសធម៌មិត្តភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៩ ខែកុម្ភៈខាងមុខ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ លោក ភា សុភ័ត្ត្រា គ្រូបង្គោលក្រុមបាល់ទាត់ Cambodia All Stars បានលើកឡើងថា លោកពិតជាមានការភ្ញាក់ផ្អើលចំពោះឱកាសក្លាយជាគ្រូបង្គោល Cambodia All Stars ដោយទទួលបានការទុកចិត្តពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោកថា នឹងប្រឹងប្រែងអស់ពីលទ្ធភាពសម្រាប់ការប្រកួតដ៏សំខាន់នេះ បើទោះបីជាការប្រកួតមិត្តភាពក៏ដោយ។
ក្នុងសន្និសីទនោះដែរ សឿយ វិសាល ខ្សែការពារមកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាសមាជិក Cambodia All Stars បង្ហាញក្ដីរំពឹងខ្ពស់ ក្នុងការស្វែងរកផលវិជ្ជមានជូនអ្នកគាំទ្រកម្ពុជា សម្រាប់ការប្រកួតនេះ ដែលជាការប្រកួតលើកទី៣របស់គេ ទល់នឹង Muang Thong ៕
ប្រភពៈ ខ្លីៗ