NOCC ចាប់​ផ្ដើម​រៀបចំ​កម្មវិធី​កីឡាអូឡាំពិកនៅ​តាមរាជធានី-ខេត្ដឡើងវិញ

128

 

ភ្នំពេញៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបញ្ជ្រាបការផ្សព្វផ្សាយឧត្តមគតិអូឡាំពិកប្រចាំឆ្នាំ ដែលឲ្យឈ្មោះថា «អប់រំគុណតម្លៃអូឡាំពិក» នៅតាម​រាជធានីខេត្ដ​ឡើងវិញ កាល​ថ្ងៃទី២៨ ខែតុលានេះនៅអនុវិទ្យាល័យបណ្តុះវិជ្ជា ក្នុង​ភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និង​គ្រោង​រៀបចំ​នៅ​ខេត្ដ​ចំនួន ៤ ផ្សេងទៀត​។​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា​ តាមពិតកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នេះ ត្រូវប្រារព្ធធ្វើឡើងនៅដើមឆ្នាំ២០២០។ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ទើបកម្មវិធីនេះ ត្រូវលើកមកធ្វើនៅចុងឆ្នាំ២០២០នេះវិញដើម្បីបញ្ជ្រាបឧត្តមគតិអូឡាំពិកជូនទៅដល់ស្រទាប់មហាជន យុវជន និងសង្គមជាតិ។

កម្មវិធីចលនាអូឡាំពិកនេះ ដែលបានធ្វើរួចហើយនៅខេត្តកំពង់ធំ ហើយគ្រោងនឹងបន្តធ្វើនៅខេត្តព្រះសីហនុ កែប ខេត្ដ​កណ្តាល និងនៅរាជធានីភ្នំពេញ តាមរយៈ​ការបង្កើតជាសកម្មភាពលេងកីឡា បញ្ជ្រាបឧត្តមគតិអូឡាំពិក និងការលើកទឹកចិត្ត ដល់មហាជន យុវជន សិស្សានុសិស្ស ឲ្យបានចូលរួមលេងកីឡា ការប្រកួតប្រជែងគ្នា ព្រមទាំង ស្វែងយល់អំពីរូបសញ្ញាអូឡាំពិក ការរត់ភ្លើងគុបអូឡាំពិកជាដើម។

លោក​ វ៉ាត ចំរើន ថ្លែងថា​៖«ទាំងអស់នេះគឺជាការបំពេញតាមគោលការណ៍របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ឧត្តមគតិអូឡាំពិក និងទទួលបានការគាំទ្រចលនាអូឡាំពិកទាំងក្នុង និងក្រៅប្រទេស»។

បើ​តាម​លោក អគ្គលេខាធិការ ​កម្មវិធី​នេះ NOCC បានអញ្ជើញកីឡាករអូឡាំពិក ចូលរួមផង​ដែរ​ ហើយ វាគ្មិនសំខាន់ៗ គឺជាអ្នកដែលធ្លាប់ចូល​រួមវគ្គបណ្តុះបណ្តាលអូឡាំពិក ដែលនឹងត្រូវបន្តចែករំលែកបទពិសោធន៍ និងនាំឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លេងកីឡាមានចំនួនប្រមាណ២០០នាក់ប៉ុណ្ណោះ ដោយអ្នកចូលរួមទាំងអស់សុទ្ធតែបានបង្ហាញនូវស្នាមញញឹមសប្បាយរីករាយគ្រប់ៗគ្នា។

លោក​បាន​ឲ្យ​ដឹង​ថា វាគ្មិនសំខាន់ៗ ដែលបានចូលរួមចែករំលែកបទពិសោធន៍នេះ រួមមាន លោក ញ៉ាន សុខវិសាល បង្ហាញអំពីគោលការណ៍គ្រឹះនៃទស្សនៈវិជ្ជាអូឡាំពិក និងគុណតម្លៃអូឡាំពិក។ លោក ប៊ុយ សុភ័ណ្ឌ បង្ហាញអំពីប្រធានបទ កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងវេជ្ជបណ្ឌិត ហួត ចាន់ធានី បង្ហាញអំពីផ្នែកការបណ្តុះបណ្តាលអប់រំស្តីពីជំងឺកូវីដ-១៩។

គួរ​បញ្ជាក់ថា តាមការគ្រោងទុក NOCC នឹងបន្តធ្វើកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នៅ ៤ រាជធនី-ខេត្តទៀត ដូចជាខេត្ត​ព្រះសីហនុ ខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលគ្រោងចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ជាបន្តបន្ទាប់ ហើយកម្មវិធីនេះ ក៏បានកំណត់នូវចំនួនអ្នកចូលរួមមិនឲ្យច្រើនពេកដែរ ដោយត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល៕

Loading...