ប្រភេទកីឡាប្រយុទ្ធមួយបែបដែលលក្ខណៈប្រកួតស្រដៀងទៅនឹងប្រដាល់គុនខ្មែរហើយកន្លងមកកីឡានេះធ្លាប់ជ្រកក្រោមសហព័ន្ធគុនខ្មែរនិងចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនឈ្នះមេដាយសំរិទ្ធផងដែរ។យ៉ាងណាក៍ដោយគិតមកដល់បច្ចុប្បន្នសហព័ន្ធKick Boxing បានកើតចេញជារូបរាងទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡាក៍ដូចគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួចហើយព្រមទាំងមានរចនាសម្ព័ន្ធធនធានមនុស្សល្អ។
បើនិយាយពីប្រវត្តិរបស់កីឡា KickBoxing នេះកាលមិនទាន់បង្កើតបានជាសហព័ន្ធពេញលេញនោះក្រសួងអប់រំយុវជននិងកីឡាបានផ្ញើរកីឡានេះឱ្យនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរខណៈដែលធនធានគ្រូបង្វឹកនិងអត្តពលិកបានខ្ចីពីប្រដាល់គុនខ្មែរទាំងស្រុង។
ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយលោកហេងសុឃនដែលបច្ចុប្បន្នជាប្រធានសហព័ន្ធកីឡាKickBoxingកម្ពុជាឲ្យដឹងថា៖សហព័ន្ធបានបង្កើតដោយមានទទួលស្គាល់ពីក្រសយងអប់រំយុវជននិងកីឡាព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ក្នុងនោះដែលរចនាសម្ព័ន្ធការដឹកនាំសុទ្ធតែអ្នកមានជំនាញកីឡាហើយជ្រើសរើសគ្រូបង្វឹកវ័យក្មេងមានបទពិសោធន៍ល្អអត្តពលិកមានសមត្ថភាពពិសេសដើម្បីត្រៀមទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ខាងមុខនៅប្រទេសវៀតណាម។លោកហេងសុឃនបានឲ្យដឹងបន្តថា៖សមាសភាពថ្នាក់ដឹកនាំរបស់សហព័ន្ធមានឯកឧត្តមតែមម៉ឺនជាប្រធានកិត្តយស,ខ្ញុំ(ហេងសុឃន)ជាប្រធានសហព័ន្ធ,លោកម៉ិលកាដូនិងលោកប៉ែនកាត់ជាអនុប្រធានលោកជំទាញកែវច័ន្ទមុន្នីជាអគ្គលេខាធិការលោកមេធាវីផែងវណ្ណៈជាអគ្គលេខាធិការរងនិងមានសមាជិកចំនួន៥នាក់ទៀត។ចំណែកគ្រូបង្វឹកគណៈកម្មការបានសម្រិតសម្រាំងយកចំនួន៤នាក់មានតី១លោកជារិទ្ធអត្តីតៈគ្រូជម្រើសជាតិគុនខ្មែរឆ្នាំ២០២០ជាគ្រូធំនិងគ្រូជំនួយ៣នាក់ទៀតមានអតីតៈកីឡាករបីតខាំ,សៅប៊ុននឿននិងសាន់សៅយ៉ាន់។
ទាក់ទងទៅនឹងសមាសភាពអត្តពលិកត្រៀមហ្វឹកហាត់លោកហេងសុឃនមានប្រសាសន៍ថា៖គណៈកម្មការបានសម្រេចជ្រើសរើសយ៉ាងត្រឹមត្រូវមានចំនួន១២នាក់ក្នុងនោះមានកីឡាការិនីចំនួន៤នាក់បំរ៉ុងពីរនាក់និងកីឡាករចំនួន៦នាក់។លោកបានបដិសេធមិនអាចបង្ហាញឈ្មោះអត្តពលិកបានពីព្រោះកំពុងរង់ចាំការទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំយុវជននិងកីឡាសិន។លោកបន្ថែមថាយើងមានទីតាំងហ្វឹកហាត់មានសម្ភារៈហ្វឹកហាត់ល្អនៅក្នុងស្តាដចាស់តែម្តងប៉ុន្តែដោយបញ្ហាកូវីដ១៩ផ្ទុះជាថ្មីយើងផ្គាកសិន។
លោកតែមម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរនិងជាប្រធានកិត្តយសសហព័ន្ធKickBoxingមានប្រសាសន៍ថា៖កន្លងមកកីឡា KickBoxing ត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់ឲ្យនៅក្នុងប្រដាល់គុនខ្មែរខ្ញុំជាអ្នកគ្រប់គ្រងហើយចេញទៅប្រកួតលក្ខណៈអន្តរជាតិស៊ីហ្គេមយើងដណ្តើមបានមេដាយសំរិទ្ធកាលពីឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។លោកតែមម៉ឺនបន្ថែមថា៖ទោះបីសហព័ន្ធផ្សេងគ្នាប៉ុន្តែយើងនៅតែសហការគ្នាពីព្រោះរបៀបប្រកួតក្តីធនធានកីឡាករក្តីគ្រូបង្វឹកក្តីមានប្រពភចេញពីប្រដាល់គុនខ្មែរប៉ុន្តែក្បាច់ប្រកួតខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
នៅក្នុងអត្តពលិកចំនួន១២នាក់ដែលសហព័ន្ធមិនទាន់ទម្លាយឈ្មោះជាសាធារណៈនោះប្រភពដែលភ្នំពេញប៉ុស្តិ៍ទទួលបានមានវត្តមានរបស់កីឡាការិនីឆ្នើមម្នាក់ជម្រើសជាតិប្រដាល់សកលនៅស្រីពៅសម្រេចចិត្តឈប់ពីប្រដាល់សកលទៅហាត់នៅសហព័ន្ធKickBoxing វិញដោយសង្ឃឹមបានចូលរួមប្រកួតឈ្នះនៅឆាកអន្តរជាតិ។
នៅស្រីពៅនិយាយថា៖ខ្ញុំជាប់ជាជម្រើសជាតិប្រដាល់សកលចំនួន៣ឆ្នាំប៉ុន្តែពេលនេះខ្ញុំសម្រេចចិត្តចូលហាត់នៅ សហព័ន្ធKickBoxing វិញដោយមើលឃើញថាមានលទ្ធភាពប្រកួតប្រជែងលើឆាកអន្តរជាតិបាន។«ខ្ញុំធ្លាប់វ៉ៃក្នុងកីឡាប្រយុទ្ធមានចេញដៃចេញជើងគឺសង្ឃឹមថាល្អជាងប្រដាល់សកលហើយខ្ញុំបានសុំទៅមេហើយគាត់បានអនុញាតិរួចហើយ»។
គួររម្លឹកបញ្ជាក់ថាលោកហេងសុឃនបានហក់ចូលក្នុងវិស័យកីឡាប្រដាល់បានជាង៥ឆ្នាំបានលះបង់ពេលវេលានិងថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួយឧបត្ថម្ភសហព័ន្ធប្រដាល់គុនខ្មែរជាបន្តបន្ទាប់លោកត្រូវបានគាំទ្រជាអនុប្រធានសហព័ន្ធគុនខ្មែរទទួលបន្ទុកជួយឧបត្ថម្ភហើយបច្ចុប្បន្លោកត្រូវបានបន្ថែមជាប្រធាន សហព័ន្ធKickBoxing មួយទៀត៕