ភ្នំពេញ៖ ក្រុមតារាចម្រុះកម្ពុជា និង ក្លិបកេត នឹងធ្វើការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមតារាចម្រុះថៃ នៅកីឡដ្ឋាន Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United នៅថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ ២០១៩ សប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់ក្លិបបឹងកេតនៅថ្ងៃសុក្រ ទី០៥ ខែមេសា។
ការប្រកួតមិត្តភាពសប្បុរសធម៌នេះ នឹងធ្វើឡើង បន្ទាប់ពីក្លិបកេតប្រកួតចប់សប្តាហ៍ទី៣ ទល់នឹងអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ក្លិបបឹងកេត បានអះអាងថា កីឡាករ និងថ្នាក់ដឹកនាំរបស់ក្លិបបឹងកេត មួយចំនួននឹងត្រូវចូលរួមជាមួយតារាសម្តែង តារាចម្រៀងរបស់កម្ពុជាជាច្រើនរូបទៀតបង្ហាញវត្តមានក្នុងការប្រកួតនេះ ។ ការប្រកួតមិត្តភាពសប្បុរសធម៌នឹងចាប់ផ្តើមពីម៉ោង ៤រសៀល ដល់ម៉ោង ៩យប់ ដោយមានការសម្តែងជាច្រើនថែមទៀតផង។
បើតាមគម្រោងនៃកម្មវិធីសប្បុរសធម៌នេះ គឺក្លិបបឹងកេត និងភាគីខាងថៃ ក៏មានគម្រោងមកធ្វើការប្រកួតមិត្តភាពសប្បុរសធម៌លើកទីពីរ នៅរាជធានីភ្នំពេញនាថ្ងៃអនាគតផងដែរ ដើម្បីចូលរួមជួយដល់មន្ទីពេទ្យ និងកុមារកំព្រារបស់កម្ពុជា ៕