នៅម៉ោង៦ ល្ងាចថ្ងៃសៅរ៍ទី១៦ មីនានេះ ក្រុមភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋានRSN របស់ខ្លួន ដើម្បីទទួលស្វាមន៍ក្រុមជើងខ្លាំងបឹងកេតនៅក្នុងជំនួបដំបូងបើករដូវកាលលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ។ មុនការប្រកួតមកដល់ លោកLEONARDO VITORINO គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានបង្ហាញក្តីសង្ឃឹមថា ក្រុមរបស់លោកនឹងបង្ហាញទម្រង់លេងបានល្អជាមួយនឹងក្រុមបឹងកេត។
លោកLEONARDO VITORINO បានអះអាងតាមវេបសាយក្លិបភ្នំពេញក្រោនដូច្នេះថា៖ « នេះជាសប្តាហ៍ទីមួយហើយដែលក្រុមរបស់យើងបានធ្វើការហ្វឹកហាត់ជុំគ្នា ព្រោះពួកគេមួយចំនួនជាប់បំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ និងមួយចំនួនទៀតមានបញ្ហារបួស ។ សប្តាហ៍នេះពួកយើងចាប់ផ្តើមរៀបចំក្រុម និងកែប្រែចំនុចមួយចំនួនដើម្បីត្រៀមការប្រកួតបើកឆាកនេះ ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងបង្ហាញទម្រង់លេងបានល្អចំពោះអ្នកគាំទ្រ » ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានលើកឡើងថា លោកបានប្រាប់កូនក្រុមរបស់លោកថា ការប្រកួតនេះមិនមែនជាការសម្រេចថាអ្នកណាជាម្ចាស់ពានរង្វាន់លីគកំពូលនោះទេ ប៉ុន្តែត្រូវតែលេងឲ្យបានល្អបំផុត ព្រោះនៅពេលដែលក្រុមមានទម្រង់លេងល្អ ភ្នំពេញក្រោននឹងឈ្នះការប្រកួតនេះជាក់ជាមិនខាន។ ជាមួយគ្នានេះ លោកLEONARDO VITORINO បានបន្ថែមថា៖ « អ្នកគាំទ្រទាំងអស់គួរតែចូលរួមបញ្ចេញសំលេងរបស់គេនៅកីឡដ្ឋាន RSN ព្រោះពួកគេអាចធ្វើឲ្យក្រុមរបស់យើងរឹងមាំបាន យើងត្រូវការពួកគេជាកីឡាករទី១២របស់យើង ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពាក់អាវក្រហមដើម្បីគាំទ្រក្រុមភ្នំពេញក្រោនទាំងអស់គ្នា » ។
សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយក្លិបបឹងកេតនៅល្ងាចនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងប្រើប្រាស់ឈុតសម្លៀកបំពាក់ថ្មីមួយដែលជាឈុតពិសេស (Special Edition) ដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃការប្រើប្រាស់ឈ្មោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាផ្លូវការក៏ដូចជាដើម្បីស្វាគមន៍ការប្រកួតបើកឆាកនៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះផងដែរ ៕