បឹងកេត គ្រងជើងឯកលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនស្គាល់ចាញ់

148

ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេត បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជាផ្លូវការហើយ បន្ទាប់ពីវាយបកស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ១-១ នៅចុងម៉ោង ក្នុងជំនួបបញ្ចប់រដូវកាល នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ការប្រកួតដ៏កក្រើក និងជាជំនួបកាត់សេចក្ដីនេះ ភ្នំពេញក្រោន បានបើកការនាំមុខ ១គ្រាប់មុន ដោយកីឡាករ Pualo Victor នៅនាទី៣៣។ បន្ទាប់មកបឹងកេត បានព្យាយាមវាយបក រហូតដល់ចុងម៉ោង ទើបពួកគេសម្រេចគ្រាប់តាមស្មើ ដោយកីឡាករ Dzarma Bata នៅនាទី៩០+៧ ដែលជួយឲ្យក្រុមនាគខៀវគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ដោយរកបាន ៤១ពិន្ទុ ឈរកំពូលតារាង។

ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករងប៉ុណ្ណោះ ក្រោយព្យាយាមយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៤-០ ។ ជ័យជម្នះនេះ ក៏ជួយឲ្យក្រុមជើងឯកឆ្នាំចាស់នេះមាន ៤១ពិន្ទុក្នុងដៃដែរ តែដោយផ្អែកលើរូបមន្ដ head to head ក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ប្រៀបក្រុមបឹងកេត នាំឲ្យពួកគេរបូតឱកាសការពារតំណែងជើងឯក ក្នុងរដូវកាលឆ្នាំ២០២០ នេះតែម្ដង។

នេះជាលើកទី៤ ហើយ ដែលបឹងកេត បានគ្រងជើងឯកលីគកំពូលកម្ពុជា បន្ទាប់ពីខកខានអស់រយៈពេល ២រដូវកាល ដ្បិត ៣លើកមុន ដែលនាគខៀវនេះ បានលើកពានឆ្នាំដំបូង កាលពីឆ្នាំ២០១២ ស្របពេលពួកគេ ឡើងមកលេខក្របខណ្ឌលីគកំពូលកម្ពុជាលើកដំបូង និងនៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ដែលពួកគេលើកពាន ២ឆ្នាំជាប់គ្នា។

ជាមួយការលើកពាននេះដែរ បឹងកេតបានបង្កើតកំណត់ត្រាក្នុងនាមក្រុមជើងឯកដែលមិនស្គាល់ចាញ់ ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ ១៣ និងស្មើ ៤ មិនស្គាល់ចាញ់ និងអមនូវប្រាក់រង្វាន់ ១៥០លានរៀលលើកដំបូង បន្ទាប់ពី CNCC ទើបដំឡើងប្រាក់រង្វាន់ក្នុងឆ្នាំនេះ។ ខណៈណាហ្គាវើលដ៏ ធ្លាប់ធ្វើបានកំណត់ត្រានេះ កាលពីឆ្នាំ ២០០៧ ដែលមាន ៨ក្រុមចូលរួម ដោយឈ្នះ ១២ និងស្មើ ២ មិនស្គាល់ចាញ់ឡើយ។

បន្ទាប់ពីរកឃើញក្រុមជយលាភី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្រៅពីក្រុមជើងឯកបឹងកេត សម្រាប់ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ក៏ទទួលបានប្រាក់រង្វាន់ ៦០លានរៀលដែរ ខណៈចំណាត់ថ្នាក់លេខ៣ ក្រុមភ្នំពេញក្រោន ទទួលបាន ៥០លានរៀល ។ រីឯលេខ៤ បានទៅក្រុមកងយោធពលខេមរភូមិន្ទ ក៏ទទួលបាន ៤០លានរៀលដែរ ក្រោយយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចមិញ៕

Loading...