ក្លិបបឹងកេតប្រកាសធ្វើតេស្តជ្រើសរើសយុវជនថ្នាលនៅចុងសប្តាហ៍នេះ

347

ក្លិបបាល់ទាត់បឹងកេត កំពុងស្វែងរកយុវជនដែលមានទេពកោសល្យ និងសមត្ថភាព ដើម្បីបញ្ចូលទៅក្នុងថ្នាលយុវជនរបស់ខ្លួនបន្ថែមទៀត។ ក្លិបបឹងកេតបានលើកឡើងថា នេះគឺជាឱកាស ដើម្បីឲ្យយុវជនដែលចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាចសម្រេចបំណងរបស់ពួកគេបានជាមួយក្លិបបឹងកេត។

ក្លិបបឹងកេត បានអះអាងថា យុវជនដែលចង់មកធ្វើតេស្តសមត្ថភាព ដើម្បីចូលទៅក្នុងថ្នាលយុវជនរបស់ខ្លួនបាន លុះត្រាតែពួកគេមានអាយុក្រោម១៧ ឆ្នាំ ពោលគឺ ត្រូវកើតនៅក្នុងឆ្នាំ ២០០០។ យុវជនដែលចាប់អារម្មណ៍ គឺអាចមកចុះឈ្មោះដើម្បីធ្វើតេស្តនៅការិយាល័យរបស់ក្លិបបាល់ទាត់បឹងកេតនៅបុរីសាន់វ៉េ ទួលគោក ផ្ទះលេខបេ០១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមក្លិបបឹងកេត ការចុះឈ្មោះនឹងផុតកំណត់នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ។ ចំណែកការធ្វើតេស្តវិញ នឹងធ្វើឡើងនៅទីលានបាល់ទាត់ LBN ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនៅក្រោមស្ពានជ្រោយចង្វារត្រើយខាងកើត។ ការធ្វើតេស្ត នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃសៅរ៍ និង អាទិត្យចុងសប្តាហ៍នេះ ចាប់ពីម៉ោង៨  ព្រឹកតទៅ។

សូមបញ្ជាក់ថា ក្លិបបឹងកេត គឺជាក្លិបបាល់ទាត់អាជីពនៅលីគកំពូលកម្ពុជា ហើយនៅរដូវកាលឆ្នាំ២០១៨ ក្លិបនេះ បានបញ្ចប់ដោយឈរនៅចំណាត់ថ្នាក់លេខ២ ខណៈក្លិបណាហ្គា វើល ក្លាយជាម្ចាស់ពានរង្វា​ន់​ Metfone  Cambodia League ។ បឹងកេត បានប្រឡូកក្នុងលីគកំពូលកម្ពុជាក្នុងឆ្នាំ២០១២ ជាឆ្នាំដែលក្លិបនេះ បានលើកពានរង្វាន់លីគកំពូលកម្ពុជាជាលើកដំបូង។ ក្រោយមក ក្លឹបនេះ ក៏បានលើកពានរង្វាន់ Metfone  Cambodia League ពីរឆ្នាំជាប់គ្នាថែមទៀត គឺនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧៕

ដោយ៖ ទំព័រកីឡាអាស៊ី

Loading...