បឹងកេត យកឈ្នះ ព្រះខ័នរាជស្វាយរៀង ៤-២ ដណ្ដើមកៅអីកំពូលតារាង

119
Boeung Ket Football Club
Photo by: Boeung Ket Football Club

ភ្នំពេញ៖ ក្រុមបឹងកេត ដណ្ដើមកៅអីកំពូលតារាងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ ជើងទី១ បន្ទាប់ពីអតីតក្រុមជើងឯក ៣សម័យនេះ បានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ៤-២ នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី២៣ ខែ សីហា ឆ្នាំ ២០២០។

ជំនួបដណ្ដើមកៅអីកំពូលតារាងនេះ វគ្គទី១ ក្រុមភ្ញៀវបឹងកេត បានបើកការនាំមុខក្រុមការពារតំណែងជើងឯក ២-០ ដែលធ្វើបានសម្រេចដោយកីឡាករ Gopane Mothusi នៅនាទី២៣ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៣៩។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១ ក៏មានការពន្យារពេលការប្រកួតជិតកន្លះម៉ោងដែរ ក្រោយមានភ្លៀវធ្លាក់ខ្លាំង។

ចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង ពិសេសក្រុមម្ចាស់ផ្ទះ តែត្រូវបានបឹងកេតបន្ថែមគ្រាប់បាល់ទី៣ ដោយកីឡាករ សៀង ចន្ធា នៅនាទី៤៩។ ការនាំមុខនេះធ្វើឲ្យក្រុមលោក Conor Nestor កាន់តែព្យាយាមវាយបក រហូតរកបាន​២គ្រាប់មកវិញដោយកីឡាករ Kobayashi Daisuke នៅនាទី៦៦ និងកីឡាករ Privat នៅនាទី៨៥។

ប៉ុន្ដែមុនបញ្ចប់វគ្គទី២ នៅនាទីបន្ថែម ដោយការសម្រុកចង់ស្វែងរកគ្រាប់បាល់តាមស្មើ កីឡាករព្រះខ័នរាជស្វាយរៀង បានព្យាយាមឡើងទាំងអស់ សូម្បីអ្នកចាំទីក៏បានឡើងជួយមិត្តរួមក្រុមដែរ តែក្រោយកីឡាករបឹងកេត ឆក់បាល់បាន ក៏បង្កើតឱកាសឲ្យខ្សែប្រយុទ្ធមុតស្រួច ម៉ាត់ នូរុណ បណ្ដើរបាល់ស៊ុតម្នាក់ឯងងាយៗ បន្ថែម ១គ្រាប់ទៀតឲ្យបឹងកេត យកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៤-២ តែម្ដង។

តាមរយៈជ័យជម្នះនេះ ធ្វើឲ្យក្រុមដឹកនាំដោយគ្រូបង្វឹកស្ដីទីលោក គឹម ភក្ដី ឡើងឈរកំពូលតារាង និងមាន ៣២ពិន្ទុ ជាមួយលទ្ធផល ១២ប្រកួត​ឈ្នះ១០ និងស្មើ ២ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខរៀងទី២ និងមាន ៣១ពិន្ទុក្នុងដៃ ជាមួយលទ្ធផល ១២ប្រកួតដូចគ្នា ឈ្នះ១០ ស្មើ១ និងចាញ់ ១។ យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី២ ឬវគ្គ Top-6 ចំនួន ៥ប្រកួតក្នុងដៃម្នាក់ទៀត ដើម្បីកាត់សេចក្ដីរកក្រុមជើងឯកផ្លូវការ។

គួរបញ្ជាក់ថា ចំពោះការប្រកួតជើងទី២ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) និងក្លិបសមាជិកបានឯកភាពរួចមកហើយ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ៦ក្រុម(Top-6) នៅជើងទី១ ទើបទទួលបានកៅអីចូលរួមប្រកួតដណ្ដើមជើងឯកនៅជើងទី២(Top-6) ដែលក្នុងនោះរួមមានក្រុមបឹងកេត ក្រុមជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង, វិសាខា, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏៕

Loading...