ម្ចាស់ពានរង្វាន់ហ៊ុន សែនខាប់ ២០១៩ ក្លិបបឹងកេត បានបញ្ចូលកីឡាករ ៣រូបដែលជាយុវជនអាយុក្រោម ១៨ឆ្នាំទៅ កាន់ក្រុមធំ ដើម្បីត្រៀមសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មីឆ្នាំ២០២០ ខាងមុខរួមមានកីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ។
យុវជនទាំង៣រូបនេះកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចូលរួមការហ្វឹកហាត់លើកដំបូងជាមួយក្រុមធំ ដែលវិលត្រឡប់មកចាប់ផ្តើមការហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី។
នាយកបច្ចេកទេសរបស់ក្លិប លោក គីម ភក្តី បានឲ្យដឹងថា៖ « ពួកយើងមានគោលដៅពីរក្នុងការបញ្ចូលយុវជនថ្នាលទៅកាន់ក្រុមធំ ទីមួយគឺ អន្តរកាលនៃការហ្វឹកហាត់យុវជនមានន័យថាគាំទ្រដល់ក្រុមធំរាល់កីឡាករយុវជន ដែលយើងមើលថាគាត់អាចមានឱកាសចូលក្រុមធំបាន ទោះក្នុងកៅអីបំរុង ក៏ជាជំហ៊ាននៃការអភិវឌ្ឍន៍ និងការលើកទឹកចិត្តដល់ពួកគាត់។ ទីពីរគឺ ជាគំរូដល់កីឡាករទាំងអស់ឱ្យខិតខំអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានឱកាសដូចនេះដែរ ហើយក៏ស្របតាមទិសដៅរបស់ក្លិប ដែលត្រូវការកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើង ចាប់ពីឆ្នាំក្រោយទៅ »។
គួររំលឹកថា កីឡាករទាំង៣រូបខាងលើ គឺជាកីឡាកររបស់ក្រុមយុវជនបឹងកេតអាយុក្រោម ១៨ ឆ្នាំ ដែលបានបញ្ចប់បេសកកម្មប្រកួតក្នុងពានរង្វាន់ KMH Cup 2018 ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំដំបូងបន្ទាប់ពីក្រុមយុវជនបឹងកេតបានចាប់ផ្តើមឡើង ៕