អត្តពលិកចូលរួមប្រកួតអូឡំាពិកហ្គេម នៅជប៉ុន នឹងទទួបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ

179

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានលើកឡើងនូវការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិថា កីឡាករ កីឡាការិនី នៃបណ្តាប្រទេសនានាដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក អូឡាំពិកហ្គេម នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។

ឯកឧត្តមសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាក៏នឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ចូលរួមប្រកួតអូឡាំពិកហ្គេមនេះដែរ ប៉ុន្តែមានចំនួនតិចតួចទេ ប្រមាណ១០នាក់ប៉ុណ្ណោះ ដែលទទួលបាននូវសិទ្ធិអនុគ្រោះ។ ការប្រកួតអូឡាំពិកហ្គេម នៅទីក្រុងតូក្យូលើកនេះ ខុសពីការប្រកួតមុនៗ ដោយត្រូវប្រកួតជម្រុះ ហើយលើកនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបមិនអាចរៀបចំការប្រកួតជម្រុះបាន ដោយអូឡាំពិកអន្តរជាតិកំណត់យកចំណាត់ថ្នាក់បច្ចេកទេសខ្ពស់ៗកម្រិតពិភពលោក (World Ranking) រីឯកីឡាករ កីឡាការិនីកម្ពុជា មិនទាន់ចូលដល់ចំណាត់ថ្នាក់ពិភពលោកបែបនេះទេ ដោយគ្រាន់តែទទួលបានត្រឹមសិទ្ធិអនុគ្រោះពីអូឡាំពិកអន្តរជាតិតែប៉ុណ្ណោះ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្ន កម្ពុជាទទួលបានសិទ្ធិអនុគ្រោះចំនួនពីរប្រភេទកីឡាដែលចាំបាច់ជាគោលការណ៍ប៉ុណ្ណោះ គឺកីឡាអត្តពលកម្ម និងហែលទឹក ហើយយើងកំពុងស្នើសុំសិទ្ធិអនុគ្រោះបន្ថែមលើប្រភេទកីឡាចំបាប់ តេក្វាន់ដូWT ទូកក្តោង គុនដាវជាដើម។

ទាក់ទងទៅនឹងការទទួលចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការចាក់វ៉ាក់សំាងកូវីដ-១៩ជូនដល់កីឡាករ កីឡាការិនីកម្ពុជា នៅក្នុងចំណោមមនុស្សសំខាន់ៗជាអាទិភាព ដែលប្រឈមនឹងហានីភ័យខ្ពស់នឹងជំងឺផ្លូវដង្ហើមនេះ។ ការទទួលបាននូវវ៉ាក់សាំងនេះ នឹងជួយធ្វើឲ្យកីឡាករ កីឡាការិនីកម្ពុជាប្រមូលអារម្មណ៍តែទៅលើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នៅក្នុង ឆ្នាំ២០២១ខាងមុខ ដូចជាអូឡាំពិកហ្គេម នាខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាមជាដើម៕

Loading...