សៀមរាប៖ ក្លិបអង្គរថាយហ្គឺរ និង ក្លិបបឹងកេត នឹងប៉ះគ្នានៅវេលាម៉ោង៣រសៀល នាថ្ងៃអាទិត្យ ទី០៧ ខែមេសាខាងមុខនេះនៅលើទីលានក្នុងទឹកដីខេត្តសៀមរាប។ ក្លិបអង្គរថាយហ្គឺរ ដែលជាម្ចាស់ផ្ទះ បានប្រកូកប្រកាសប្រមូលអ្នកគាំទ្រឱ្យបាន៥ពាន់នាក់មកចូលទស្សនានូវការប្រកួតដ៏ធំនេះ។
ក្រៅពីប្រកាសហៅអ្នកគាំទ្រនេះ ក្លិបអង្គរថាយហ្គឺរ ក៏បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដោយមានការចូលរួមពីតារាចម្រៀងល្បីឈ្មោះ គឺកញ្ញារ៉ាប៊ី ដើម្បីញាំងឱ្យការប្រកួតនេះកាន់តែមានភាពទាក់ទាញថែមទៀតផងដែរ។ ក្លិបអង្គរថាយហ្គឺរ បានប្រកាសឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា « ជួបជាមួយកញ្ញារ៉ាប៊ី ក្នុងជំនួបប្រកួតដ៏អស្ចារ្យជាមួយក្លិប បឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ។ នរណាខ្លះជាហ្វេនរបស់កញ្ញារ៉ាប៊ីខ្លះ? ជួបគ្នាឆាប់ៗណា!!!»។
ក្លិបអង្គរថាយហ្គឺរ និងបឹងកេតសុទ្ធតែបានប្រកួតក្នុងលីគកំពូលកម្ពុជាបាន២ប្រកួតដូចៗគ្នា។ ប៉ុន្តែ ក្លិបអង្គរថាយហ្គឺរ បានយកឈ្នះមួយប្រកួត និងស្មើមួយដោយឈរនៅលេខ២ ខណៈបឹងកេត បានយកឈ្នះមួយ និងចាញ់មួយប្រកួតឈរនៅលេខរៀងទី៧ ៕