ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៥ រក្សាធ្វើដដែល

96

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ដោយឡែកមួយថា សម្រាប់ការរៀបចំទិវារត់ ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ នាថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ គឺគណៈកម្មការរៀបចំនៅតែរក្សាទិវានេះនៅដដែល ប៉ុន្តែឆ្នាំនេះមានតែអ្នករត់តែប៉ុន្មានរយនាក់ប៉ុណ្ណោះ ហើយនឹងអនុវត្តន៍នូវវិធានការសុខាភិបាលឱ្យបានហ្មត់ចត់បំផុត ដើម្បីរួមគ្នាបង្ការជំងឺកូវីដ-១៩។

ឯកឧត្តមបន្ថែមថា ចំពោះជំហរនៃការរៀបចំនេះយើងនៅតែរក្សាការរៀបចំដដែល ប៉ុន្តែយើងរៀប ចំយ៉ាងម៉ឺងម៉ាត់នូវវិធានការ ការពារ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលដោយ នៅពេលអ្នករត់ប្រណាំងទាំងអស់ ដែលបានចូលរួមនឹងត្រូវអនុវត្តន៍វិធានការសុខាភិបាលដូចជា វាស់កម្តៅ លាងសម្អាតអនាម័យ រក្សាគម្លាតបុគ្គលជាដើម ដែលនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩នេះ យើងមាន អ្នកចូលរួមតែប៉ុន្មានរយនាក់ប៉ុណ្ណោះ មិនដូចឆ្នាំកន្លងទៅ ជាពិសេសគឺឆ្នាំ២០១៩ លើកទី២៤ គឺមានអ្នក ចូលរួមរត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ឯណោះ។

សម្រាប់គម្រោងរៀបចំ នាថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅតំបន់អង្គរ គឺយើងនឹងរៀបចំឱ្យ មានការប្រមូលផ្តុំរត់ជាផ្នែកតូចៗ ចន្លោះ២០ទៅ៣០នាក់ មានចម្លោះសុវត្ថិភាពរត់ជានិមិត្តរូប ហើយពេល រត់មកដល់ទីវិញគឺបំបែកគ្នា ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏សំខាន់ប្រចាំឆ្នំា ធ្លាប់ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំមិនអាចលុបចោលបាន។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ទិវារត់ប្រណាំងអង្គរ ឆ្នាំ២០២០នេះមិនមានអ្នក ចូលរួមមកពីក្រៅប្រទេសទេ ដោយឈ្មោះអ្នកទាំងនោះរក្សាទុកសម្រាប់ឆ្នាំ២០២១វិញ ដោយរក្សាការ ចូលរួមតែអ្នករត់បរទេស ដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះដែលអនុញ្ញាតឱ្យចូលរួម រួមទាំង ប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមរត់កម្សាន្តសប្បាយ និងចូលរួមអបអរសាទរនៃខួបលើកទី២៥ឆ្នាំ នៃទិវារត់ ប្រណាំអន្តរជាតិដ៏ទាក់ទាញខ្លាំងបំផុតប្រចាំឆ្នាំរបស់កម្ពុជា ដើម្បីស្វែងរកមូលនិធិជួយដល់កិច្ចការសង្គម និងសប្បុរសធម៌។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះ ក៏បានសង្កត់ធ្ងន់ដែរថា ក្រោមការចង្អុលបង្ហាញ និងការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យរក្សាការរៀបចំនេះនៅដដែល ដែលនេះគឺ ជាទិដ្ឋភាពមួយក្នុងការជួយមួយផ្នែកដល់ប្រតិបត្តិករ ទេសចរណ៍ សេវាទេសចរណ៍ សណ្ឋាគារ នៅខេត្តសៀមរាប។

ឯកឧត្តមដាក់ក្តីសង្ឃឹមថា ការរៀបចំទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះ នឹងចៀសផុត ពីការចម្លងនៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននៃវិធានការសុខាភិបាល ជាពិសេសគឺការរត់ចេញម្តងម្នាក់ៗ រីឯអ្នកដែលចូលរួមរត់ទាំងអស់សុទ្ធតែចុះឈ្មោះ មានអត្តសញ្ញាណ ច្បាស់លាស់ ក្នុងការកំណត់មុខសញ្ញា និងការគ្រប់គ្រង។ នៅសប្តាហ៍ក្រោយនេះយើងនឹង បើកកិច្ចប្រជុំជា មួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកម្មវិធីនេះឱ្យរលូន ដែលបង្រួមពីកម្មវិធីធំ ដូចរាល់ឆ្នាំមកនៅតូច នៅក្នុងឆ្នាំ២០២០។

នៅមុន១ថ្ងៃ នៃទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ ពោលគឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាបនោះដែរ ដោយមានកីឡាករ កីឡាការិនីជម្រើស ក្នុងកម្រិតជំនាញបច្ចេកទេសចូលរួមប្រកួតប្រមាណ៣០នាក់ប៉ុណ្ណោះ ដែលនេះគឺជា ការបង្កើតឱ្យមានសកម្មភាពកីឡា ប៉ុន្តែយើងមិនប្រមូលផ្តុំនោះទេ ដោយកំណត់ពីចំនួននៃអ្នកចូលរួម និងរក្សាគម្លាតសុវត្ថិភាពជាដើម។

សូមបញ្ជាក់ថា ទិវារត់ប្រណាំអន្តរជាតិអង្គរនេះបានប្រារព្ធធ្វើឡើងអស់រយៈពេល ២៤ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០១៩ កន្លងទៅ ដោយឆ្នាំចុងក្រោយគេទាក់ទាញបានអ្នករត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បន្ទាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួមប្រមាណ ៦០០នាក់ប៉ុណ្ណោះ។ ដោយឈរលើគោលបំណងដ៏ចម្បងរបស់ខ្លួន ក្នុងគោលដៅមនុស្សធម៌ ទិវាមួយនេះ ទទួលបានការគាំទ្រជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៩ ទិវានេះទទួលបាន ជោគជ័យខ្លាំងជាងគេ ហើយបានបរិច្ចាគថវិកា ដែលបានមកពីការឧបត្ថម្ភ និងការបង់ថ្លៃចុះឈ្មោះ ចូលរួមជូនដល់អង្គការ មន្ទីរពេទ្យចំនួន៦ ដែលមានថវិកាសរុបចំនួន ១៤៤៦១១ ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរចំនួន ១១១២១១ដុល្លារ, កាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥ពាន់ដុល្លារ, Cambodia Trust ៣៦០០ដុល្លារ, Handicap International Belgium ៣០០០ដុល្លារ និងអង្គការបេះដូងមាស សរុបចំនួន ១១៨០០ដុល្លារ ដែលមានគម្រោងកម្មវិធី របស់ខ្លួនចំនួន៥ផ្សេងៗពីគ្នា ៕ដោយ ហេង ណាលីន

Loading...