អាំ សុវណ្ណារ៉ាត់ ប្រាប់ពីផលវិបាកទមប្រផុតប្រផើយ ២-១ លើសូលទីឡូ

47

ព្រះខ័នរាជស្វាយរៀង រកបាន ៣ពិន្ទុបន្ថែម ពីការឈ្នះភ្ញៀវសូលទីឡូអង្គរលើទឹកដីរបស់ខ្លួន ក្រោមភ្លៀងធ្លាក់ដ៏ជោកជាំ កាលពីថ្ងៃសៅរ៍កន្លងទៅ។ អាំ សុវណ្ណារ៉ាត់ ដែលបានរ៉ាប់រងការពារសំណាញ់ទីពេញ ៩០នាទីបង្ហើបថា អាកាសធាតុបែបនេះជាឧបសគ្គដ៏ធំមួយ សម្រាប់តំណែងលេងជាអ្នកចាំទី។

«លេងជាអ្នកចាំទី ពិបាកជាងគេគឺពេលមានភ្លៀងបែបហ្នឹង។ ពេលមានភ្លៀងខ្លាំង និងខ្យល់ខ្លាំង យើងពិបាកស្មានខ្យល់បាល់មែនទែន សម្រាប់បាល់ហោះ។ ពេលគូប្រកួតស៊ុតបាល់ទាបវិញ កាន់តែពិបាកស្មានទៅទៀត ព្រោះពេលបាល់ធ្លាក់លើទីលានមានទឹកភ្លៀងដក់ វាអាចធ្វើឲ្យបាល់ប្ដូរទិស ហើយល្បឿនកាន់តែលឿនជាងមុនថែមទៀត។ លើសពីហ្នឹង វាធ្វើឲ្យយើងពិបាកមើល ពិបាកបញ្ជូន និងស៊ីកម្លាំងយើងច្រើនជាងអត់ភ្លៀង»។

អ្នកចាំទីមានប្រភពពីខេត្តពោធិសាត់បន្ថែមទៀតថា ថ្វីបើពេលភ្លៀងធ្លាក់ ធ្វើឲ្យមានអារម្មណ៍ថាពុំសូវហត់ដូចពេលបើកថ្ងៃពិតមែន តែក្រោយប្រកួតចប់ មិនថារូបគេ ឬកីឡាករទាំងអស់ នឹងជួបភាពហត់នឿយខ្លាំង ដ្បិតត្រូវប្រើកម្លាំងច្រើនដើម្បីជម្នះភ្លៀង និងខ្យល់ ក៏ដូចជាទឹកដក់លើទីលានជាដើម។

គិតត្រឹមការរបូតគ្រាប់បាល់ ១គ្រាប់ចុងក្រោយទល់នឹងសូលទីឡូអង្គរ អ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវគូប្រជែងបំប៉ោងសំណាញ់ទីបាន ១១គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៧លើក ឲ្យព្រះខ័នរាជស្វាយរៀង នៅពានរង្វាន់ Metfone Cambodian League រដូវកាល ២០២១នេះ។ ប្រកួតបន្ទាប់ ពួកគេត្រូវជួបម្ចាស់ផ្ទះភ្នំពេញក្រោន នាថ្ងៃព្រហស្បតិ៍ ទី ១៥ កក្កដាខាងមុខ វេលាម៉ោង ៦ល្ងាច៕

រូបភាពដោយ CNCC

Loading...