សៀមរាប៖ លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានបង្ហាញមហិច្ចតាចង់យកឈ្នះក្រុមខ្លាំងបឹងកេតនៅក្នុងទឹកដីរបស់ខ្លួននាខេត្តសៀមរាបនាថ្ងៃអាទិត្យ ទី០៧ ចុងសប្តាហ៍នេះ។ នេះបើតាមប្រកាសនៅទំព័រហ្វេសប៊ុករបស់លោក។
ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato បានលើកឡើងដូច្នេះថា៖ « គម្រោងអ្នកគាំទ្រ៥០០០នាក់! ខ្ញុំចង់យកជ័យជម្នះលើបឹងកេត ក្នុងការប្រកួតលើកដំបូងរបស់យើងលើទឹកដីសៀមរាប នាថ្ងៃទី០៧ មេសាខាងមុខ»។
ជាមួយគ្នានេះ លោក Akihiro Kato ក៏បានអំពាវនាវឱ្យអ្នកសេ្នហាវិស័យបាល់ទាត់ ជាពិសេស អ្នកគាំទ្រក្លិបអង្គរថាយហ្គឺរតែម្តងចូលរួមទស្សនាការប្រកួតរវាងក្លិបអង្គរថាយហ្គឺរ និង ក្លិបបឹងកេតឱ្យបានចំនួន៥ពាន់នាក់ដើម្បីបំបែកកំណត់ត្រារដូវកាលចាស់របស់ខ្លួន។ កាលពីរដូវកាល២០១៨កន្លងទៅ អង្គរថាយហ្គឺរបានបង្កើតកំណត់ត្រាដ៏អស្ចារ្យដោយទាក់ទាញបានអ្នកចូលរួមទស្សនាបានច្រើនជាងគេបំផុតនៅក្នុងលីគកំពូលកម្ពុជា គឺចំនួនប្រមាណជាង៤២០០នាក់។
សូមបញ្ជាក់ថា ក្លិបអង្គរថាយហ្គឺរ និងបឹងកេតសុទ្ធតែបានប្រកួតក្នុងលីគកំពូលកម្ពុជាបាន២ប្រកួតដូចៗគ្នា។ ប៉ុន្តែ ក្លិបអង្គរថាយហ្គឺរ បានយកឈ្នះមួយប្រកួត និងស្មើមួយដោយឈរនៅលេខ២ ខណៈបឹងកេត បានយកឈ្នះមួយ និងចាញ់មួយប្រកួតឈរនៅលេខរៀងទី៧ ៕