ក្រោយឈ្នះពាន Cell Card TV5 Boxing រិន ដេវីត បន្តត្រៀមយកខ្សែក្រវាត់នៅ PNN មួយទៀតនៅចុងខែមករានេះ

238

ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Card បានបញ្ចប់ហើយនៅយប់ថ្ងៃសៅរ៍ទី២ មករា ២០២១ គឺអ្នកប្រដាល់ឆ្នើម រិន ដេវីត ក្លិបនាគរាជចតុមុខ ជាអ្នកលើកពាន និងអមដោយប្រាក់រង្វាន់ចំនួន ៤០០០ដុល្លារ ខណៈដែល យ៉ន ពិសី បានលេខ២ អមដោយប្រាក់ចំនួន ២០០០ដុល្លារ ហើយលេច៣ បានទៅ ឡុងខេត្ត អមដោយប្រាក់ ៧៥០ដុល្លា និងចំណាត់ថ្នាក់លេខ៤ បាន ៥០០ដុល្លាបានទៅ សាន់ សំអុន។ ជាមួយគ្នានេះ រិន ដេវីត នឹងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសង្វៀនមួយទៀតនៅ PNN ជាមួយកីឡាករ ឡាំ កូស៊ឺន នូវទឹកប្រាក់ចំនួន ៧៥០០ដុល្លារ។

ស្ថានភាពជាក់ស្តែងក្នុងពេលប្រកួតគឺដូចអ្វីដែលរម្ពឹងទុកគឺ លទ្ធផលទទួលបានសក្តិសមពីសំណាក់ចៅក្រមចំនួន ៥ នាក់ផ្តល់ពិន្ទុឲ្យ រិន ដេវីត ឈ្នះ យ៉ន ពិសី ៣ ទល់ ២ ហើយកីឡាករ ឡុង ខេត្តឈ្នះលើ សាន់ សំអុន ៣ ទល់ ២ ដូចគ្នាក្នុងលក្ខណៈស្វិតស្វាញ និងជក់ចិត្តខណៈកម្មវិធី TV5 Boxing Knock-Out Serie by Cell Cardត្រូវបានគេឲ្យតម្លៃថាប្រកួតទ៥ាក់ទាញហើយកាត់ក្តីពីចៅក្រម និងមន្ត្រីបច្ចេកទេសសមរម្យទទួលយកបានគ្មានការតវ៉ាពីអ្នកចាញ់។

លោក ញាន សុធីជំ នួយការរៀបចំមានប្រសាសន៍ថា ជើងឯកពានរង្វាន់ TV5 Boxing Knock-Out Serie by Cell Card ទម្ងន់ ៥៤គីឡូក្រាម លើកនេះទទួលបានការគាំទ្រខ្លាំងដោយសារការផ្គូផ្គង និងរៀបចំប្រកួតទាក់ទាញពិសេសកាត់ក្តីសុក្រិតយុត្តិធម៌ល្អ។ លោកបានបន្តថា យ៉ាងណាយើងនឹងសម្រាកចំនួនពីរសប្តាហ៍សិនដើម្បីពិភាគ្សាទៅលើការប្រកួតជើងឯកជាតិហើយយើងនឹងបន្តក្នុងព្រឹត្តិការណ៍ថ្មីរដូវកាលថ្មីក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

គួររម្លឹកបញ្ជាក់ថា កំណត់ប្រកួតរបស់ រិន ដេវីត ដែលឈ្នះជើងឯកពានរង្វាន់ TV5 Boxing Knock-Out Serie by Cell Card នេះគឺជាឱកាសមាសក្នុងឆ្នាំថ្មីខណៈដែលដៃគូប្រជែងជាឧបសគ្គធំគឺកីឡាករ ធន់ អៀនឡៃ មានបញ្ហាសុខភាពបោះបង់ការប្រកួតធ្វើឲ្យរូបគេមានឱកាសឈ្នះយ៉ាងរលួន។ នៅក្នុងការប្រកួត ៤លើក នៅសង្កវៀនប៉ុស្តិ៍លេខ៥ ដេវីត ឈ្នះ ពេជ្រ ប៊ុនសិដ្ឋ ឈ្នះ សឺន ថៃសាន់ ឈ្នះ ធន់អៀង ឡៃ ដោយស្វ័យប្រវត្តិ និងបន្តឈ្នះ យ៉នពិសី នេះតែម្តង។ ចំណែកឯសង្វៀន PNN វិញ ដេវីត ឡើងដល់វគ្គផ្តាច់ព្រ័ត្រដោយឈ្នះ សឺន ថៃសាន់ ឈ្នះ ឡាំ កូស៊ីន និងឈ្នះ ធន់ អៀនឡៃ ហើយវគ្គផ្តាច់ប្រ័ត្រជាមួយ ឡាំ កូស៊ីន នៅថ្ងៃទី២៤ ខែមករា ឆ្នា២០២១ នេះ គឺសង្ឃឹមកាន់ខ្ពស់ពីព្រោះធ្លាប់ឈ្នះពីរលើករួចមកហើយ។ ប្រសិនការតាំងចិត្តបានសម្រេចមែនឆ្នាំ២០២១ នេះគឺជាឆ្នាំដែល រិន ដេវីត ជោគជ័យមហាសម្បើមណាស់ ដោយសារដៃគូជាឧបសគ្គគឺ ធន់ អៀនឡៃ មានបញ្ហាសុខភាពបានដកខ្លួនចេញ៕

Loading...